ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនគ្រប់ប្រភេទចំនួន ៣ ៨៧៥គីឡូក្រាម ត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០

59

ភ្នំពេញ ៖ បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១០ ៤៦១ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០ គឺបង្ក្រាប បានច្រើនជាងឆ្នាំមុនប្រមាណ ៦,៧៩% , ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន២១ ៥៦៦នាក់ ត្រូវបានឃាត់ខ្លួន គឺច្រើនជាងឆ្នាំមុនប្រមាណ៥,២៥% និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន ៣ ៨៧៥គីឡូក្រាម ៨៧៨ក្រាម ដែលបរិមាណនេះមានការកើនឡើងប្រមាណ៥១៦% បើប្រៀបធៀបទៅនឹងបរិមាណដែលចាប់យក បានក្នុងឆ្នាំមុន។ ជាមួយគ្នានោះ យើងក៏នៅបានបន្តយ៉ាងសកម្មក្នុងការជួយសង្គ្រោះជនរងគ្រោះដោយសារ គ្រឿងញៀន ដោយផ្តល់ការព្យាបាលនិងស្ដារនីតិសម្បទាដល់ពួកគាត់ទាំងនៅតាមសហគមន៍ និងនៅតាម មណ្ឌលបណ្តោះអាសន្នបានចំនួន ១៩ ៥៩៧ នាក់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១. ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត – Share Facts on Drugs, Save Lives ” ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសារ របស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធនឹងគ្រឿងញៀន ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមសម្ដែងនូវ មនោសញ្ចេតនារីករាយ ចូលរួម និងគាំទ្រយ៉ាងពេញទំហឹងចំពោះខ្លឹមសារ និងការរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១. ក្រោមប្រធានបទ “ចែករំលែកព័ត៌មានពិត ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត – Share Facts on Drugs, Save Lives ” ក្នុងគោលបំណង បន្តបំផុសឱ្យជនគ្រប់រូបបង្កើនការស្វែងយល់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់ចំណេះដឹង និងមានភស្តុតាងធ្វើជាមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល ដល់ជនដែលងាយនិងកំពុងរងគ្រោះដោយសារគ្រឿងញៀន និងចែករំលែកព័ត៌មានពិត ក្នុងការដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតបុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ជនរួមជាតិទាំងអស់ពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ត ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ ផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងស្ថានភាពជាក់ស្ដែងនៃបញ្ហាគ្រឿងញៀន ក៏ដូចជាបញ្ហាសង្គមផ្សេងៗទៀត ជាពិសេស នៅក្នុងស្ថានភាព ដ៏លំបាកបំផុតរបស់ប្រវត្តិសាស្ត្រទំនើបពិភពលោក ដែលទទួលរងដោយរោគរាតត្បាតជំងឺកូវីដ-១៩ ដែលបាន និងកំពុងបន្តជះឥទ្ធិពលជាវិបត្តិសុខភាពសាធារណៈ និងការបន្ទច់បង្អាក់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចសកល និងបានបង្កឱ្យប្រជាជនលើពិភពលោករាប់លាននាក់បានបាត់បង់ជីវិត។

សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសកលលោក ក៏ដូចជាប្រទេសជាតិយើងនៅតែបន្តទទួលរង ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែសម្រេចបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងកម្រិតថ្នាក់ជាតិ ក្រោមប្រធានបទ “ គ្មានគ្រឿងញៀន និងគ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍ ក្នុងរូបភាពជាយុទ្ធនាការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់យកបានក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។ ការបន្តរៀបចំប្រារព្ធទិវាអន្តរជាតិ និងលើកយកប្រធានបទ ថ្នាក់ជាតិបន្ថែមនេះ គឺដើម្បីបន្ដពញ្ញាក់ស្មារតីជនរួមជាតិទាំងអស់ ឱ្យយកចិត្តដាក់កាន់តែខ្លាំងថែមទៀត ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ហើយជាមួយគ្នានោះ ក៏ត្រូវយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មកលើខ្លួនឯង មកលើក្រុមគ្រួសារ កន្លែងធ្វើការ និងសហគមន៍ដែលខ្លួនរស់នៅ ជាពិសេស ធ្វើឱ្យជនគ្រប់រូបចងចាំថា ការដោះស្រាយបាននូវបញ្ហាគ្រឿងញៀន និងការបង្ការកុំឱ្យមានការឆ្លងថ្មីនៃជំងឺ កូវីដ-១៩ គឺជាកត្តាដ៏សំខាន់ក្នុងការថែរក្សាសុខភាព សុវត្ថិភាព សន្តិសុខ និងបង្កើនការអភិវឌ្ឍសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

ក្នុងពេលកន្លងមកនេះ ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ទាំងនៅក្នុងតំបន់ និងសកលលោក រួមនិងការប្រើប្រាស់សារធាតុញៀនថ្មីប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ នៅមិនមានសញ្ញាថយចុះនៅឡើយទេ ហើយបាននិងកំពុងរីករាលដាលគួរឱ្យព្រួយបារម្ភ។ ជាមួយគ្នានេះ ឥទ្ធិពលនៃការប្រណាំងប្រជែងនយោបាយ-សេដ្ឋកិច្ច របស់ប្រទេសមហាអំណាចនៅក្នុងនិងក្រៅតំបន់ ពិសេសវិបត្តិដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូរីដ-១៩ បានគំរាមកំហែង និងបង្កនូវផលលំបាក យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាសកល។ កត្តាទាំងអស់នេះបាននាំមកនូវផលប៉ះពាល់ អវិជ្ជមានដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព របស់ប្រទេសនានានៅក្នុងពិភពលោក ដែលក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និង ប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹង គ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ជាក់ស្តែង យើងបានបន្តរឹតបន្តឹង និងលើកកម្ពស់ ការទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព
ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ និងលើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញរហូតទទួល បានលទ្ធផលគួរជាទីមោទនៈ។ ជាការពិតវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនអាចឱ្យយើងធ្វើសកម្មភាព អប់រំផ្សព្វផ្សាយដោយផ្ទាល់នៅតាមសហគមន៍បានច្រើនឡើយ ប៉ុន្តែយើងមិនបានបន្ថយ ឬបោះបង់សកម្មភាព ដ៏មានសារៈសំខាន់នេះឡើយ។ ផ្ទុយទៅវិញ ក្រសួង ស្ថាប័ន អង្គភាព និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ក៏ដូចជាវិស័យសាសនា វិស័យឯកជន អង្គការ សមាគមជាតិ អន្តរជាតិជាដៃគូ និងបងប្អូន ជនរួមជាតិមួយចំនួនធំនៅតែបន្តខិតខំប្រឹងប្រែង ដោយបានប្រើប្រាស់វិធីសាស្ត្រថ្មីៗ ធ្វើការអប់រំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលជាប្រយោជន៍ ដល់ការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ ព្យាបាល និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយរួមទាំងបញ្ហាសង្គមផ្សេងៗ និងបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ផងដែរ។ ជាមួយនោះដែរ អង្គភាពអនុវត្តច្បាប់គ្រប់ប្រភេទ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក៏បានបន្តនិងបង្កើនសកម្មភាពរដ្ឋបាល និងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ង កែច្នៃ ផលិត រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ទាំងមកពីខាងក្រៅ និងនៅផ្ទៃក្នុងប្រទេស។
ជាក់ស្ដែងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១០ ៤៦១ករណីត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០ គឺបង្ក្រាប បានច្រើនជាងឆ្នាំមុនប្រមាណ ៦,៧៩% ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន២១ ៥៦៦នាក់ ត្រូវបានឃាត់ខ្លួន គឺច្រើនជាងឆ្នាំមុនប្រមាណ៥,២៥% និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន ៣ ៨៧៥គក្រ ៨៧៨ក្រ ដែលបរិមាណនេះមានការកើនឡើងប្រមាណ៥១៦% បើប្រៀបធៀបទៅនឹងបរិមាណដែលចាប់យក បានក្នុងឆ្នាំមុន។ ជាមួយគ្នានោះ យើងក៏នៅបានបន្តយ៉ាងសកម្មក្នុងការជួយសង្គ្រោះជនរងគ្រោះដោយសារ គ្រឿងញៀន ដោយផ្តល់ការព្យាបាលនិងស្ដារនីតិសម្បទាដល់ពួកគាត់ទាំងនៅតាមសហគមន៍ និងនៅតាម មណ្ឌលបណ្តោះអាសន្នបានចំនួន ១៩ ៥៩៧ នាក់ រហូតធ្វើឱ្យពួកគេមួយចំនួនធំទទួលបានមកវិញនូវ សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ចំណេះ និងជំនាញមួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការប្រកបរបរ ចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏សមរម្យនៅក្នុងសង្គមជាតិ។ ​

លទ្ធផលដែលសម្រេចបានគួរជាទីមោទនៈ ទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែកយ៉ាងសកម្មរបស់បងប្អូនជនរួមជាតិទាំងអស់ ដែលឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រសួងសា្ថប័ន អង្គភាព ពាក់ព័ន្ធ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ព្រមទាំងវិស័យឯកជន សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិជាដៃគូ ក៏ដូចជាបងប្អូន ជនរួមជាតិទាំងអស់ដែលបានផ្តល់នូវ ការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមយ៉ាងសកម្មផុលផុសទាំងក្នុងពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ននេះ។

ទោះបីជាយើងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក៏ដោយ ក៏បញ្ហាគ្រឿងញៀននៅតែជាបញ្ហា សង្គមដ៏ស្មុគស្មាញមួយ ដែលបានគំរាមកំហែងដល់សុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមរបស់យើង។ ដូច្នេះដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀតលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលជំងឺកវីដ-១៩ ឱ្យស្របតាមខ្លឹមសារនេះ ប្រធានបទដែលបានលើកឡើងសម្រាប់ឆ្នាំនេះសម្តេចនាយករដ្ឋមន្រ្តី សូមធ្វើការណែនាំ និងអំពាវនាវ ដូចតទៅ៖

១- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការប្រកបដោយ ការទទួលខុសត្រូវខ្ពស់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួននូវផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងទៅនេះ។ ជាមួយនេះ ត្រូវធ្វើការដាស់តឿនក្រើនរំលឹក និងណែនាំមន្ត្រីប្រតិបត្តិរបស់ខ្លួនឱ្យបានជាប្រចាំ ក្នុងការអនុវត្តការផ្លាស់ប្តូរ កែប្រែទម្លាប់ និងឥរិយាបថនៃការបំពេញភារកិច្ចឱ្យស្របទៅតាមរបត់នៃការរស់នៅសកម្មភាពធម្មតាតាមបែបគន្លងថ្មី (New Normal Life) ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” ដោយ ប្រកាន់យកនូវវិធានការ ” ៣ការពារ ៣កុំ ” និងវិធានការសុខាភិបាលផ្សេងៗទៀត ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងឈានទៅដល់ការកាត់ផ្តាច់ខ្សែចម្លង នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅតាមកន្លង ធ្វើការមកលើខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

២- គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ត្រូវបន្តជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ រោងចក្រ សហគ្រាស ធ្វើការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ន គ្រឿងញៀនឱ្យស្រុះដៃគ្នា ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ក្នុងបរិបទជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងណែនាំដល់គ្រឹះស្ថានអប់រំសិក្សាគ្រប់កម្រិត ឱ្យរកគ្រប់វិធីសាស្ត្រ ក្នុងការបន្ដផ្សព្វផ្សាយអប់រំ ទាំងលើបញ្ហាគ្រឿងញៀន និងបញ្ហានៃការឆ្លងរាលដាលជំងឺ កូវីដ-១៩ ឱ្យបានជាប្រចាំដល់សិស្ស និស្សិត ដើម្បីឱ្យពួកគេបានយល់ដឹង និងមានមូលដ្ឋានគ្រប់គ្រាន់ក្នុង ការការពារខ្លួន និងបន្តផ្សព្វផ្សាយអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃនៅក្នុងសហគមន៍។

៣- គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្តទាំងអស់ ត្រូវម្ចាស់ការ និងទទួលខុសត្រូវ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ដោយ ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន “ ៣កុំ ១រាយការណ៍ ដែលក្នុងនោះរួមមាន៖ ទី១) កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ ទី២) កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ចំពោះ ឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិក៏ដោយ និងទី៣) គឺ កុំលើកលែងដែល មានន័យថា កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្ត ច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។ ឯ ១រាយការណ៍ គឺត្រូវរាយការណ៍ ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចពីបញ្ហាគ្រឿងញៀនដែលយើងបានដឹង។ ជាមួយនេះ ត្រូវបន្ត បំផុសឱ្យមាតាបិតា អាណាព្យាបាល យកចិត្តទុកដាក់ និងចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការអប់រំកូន ចៅកុំឱ្យមានការពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ឬអប់រំ ណែនាំ និងលើកទឹកចិត្តកូនចៅដែលពាក់ព័ន្ធ ឬញៀន គ្រឿងញៀនឱ្យបញ្ឈប់ និងទៅទទួលយកការព្យាបាល និងស្តារនីតិសម្បទាឱ្យបានទាន់ពេលវេលា។

៤- គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវបន្តពង្រឹងសមត្ថភាព និងគុណភាពន ការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងនៅតាមមូលដ្ឋានសុខាភិបាល និងនៅតាម មណ្ឌលបណ្តោះអាសន្ន ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀន។ ជាមួយនេះ ក្នុងកាលៈទេសៈនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវគិតគូរ ឱ្យបានហ្មត់ចត់ និងរកវិធានការឱ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅតាមគោលដៅផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀន។

៥- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្កើន សមត្ថភាពមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការផ្តល់សេវាព្យាបាល និងស្តារនីតិសម្បទាឱ្យបានសមស្រប និង មានប្រសិទ្ធភាព ពិសេសដើម្បីបញ្ចៀសភាពចង្អៀតណែនដែលអាចកើតមាននៅតាមមណ្ឌលបណ្តោះអាសន្ន នានា។ ពង្រឹងវិធានការ ៣ការពារ ៣កុំ និងវិធានការសុខាភិបាលផ្សេងៗទៀតនៅតាមមណ្ឌលបណ្តោះអាសន្ន ទាំងអស់ និងត្រូវសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូរីដ-១៩។

៦- ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីក បន្ថែមឱ្យបានទូលំទូលាយនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និង ជាសកល ដើម្បីទប់ស្កាត់ ការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង