ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីជំរុញ ឱ្យពង្រឹងការអនុវត្តវិធាន ក្រសួងសុខាភិបាល និងមិនអនុញ្ញាត ឱ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈ

50

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ។ អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួនដោយ អាជ្ញាធរនិងកងកម្លាំងមាន សមត្ថកិច្ចមកអប់រំនិង ផ្សព្វផ្សាយព័ត៌មានជាសាធារណៈថែមទៀត។

ការជំរុញបែបនេះរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងលើនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធាន របស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដោយ
សារថា ជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ នៅតែបន្តការរីករាលដាល មិនឈប់ឈរនូវឡើយទេ។ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង ប៉ូលីសនិងកងរាជអាវុធហត្ថត្រូវតែ ដាក់កម្លាំងល្បាតនៅ ក្នុងមូលដ្ឋានទាំងយប់និងថ្ងៃ ដោយ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណ ជាដើមហើយនោះ យើងក៏មិនអនុញ្ញាត ឱ្យក្មេងស្ទាវជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម ។ អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួនដោយ អាជ្ញាធរនិងកងកម្លាំងមាន សមត្ថកិច្ចយកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ។
លោកបន្តទៀតថា ៖ការបណ្តែតបណ្តោយ ឱ្យមានការលួចបើកការ៉ាអូខេ ក្លឹបកំសាន្ត ម៉ាស្យា ក្លឹបហាត់ប្រាណជាដើម នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះ បានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ អភិបាលខណ្ឌត្រូវទទួលខុសត្រូវដោយ ខ្លួនឯងហើយ។
អាជ្ញាធរខណ្ឌបាមានលើកឡើងថា ជម្ងឺកូវីដ-១៩នៅ តែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅ តាមការដ្ឋានសំណង់ សិប្បកម្ម កម្មករនិងបុគ្គលិកក្រុមហ៊ុនឯកជន ដោយរាយប៉ាយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌនឹងពង្រឹងការ អនុវត្តវិធានការម៉ឺងម៉ាត់បំផុត ទៅតាមការណែនាំរបស់ រដ្ឋបាលរាជធានីនិងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ បន្ថទៀត។
ចំពោះការចាក់វ៉ាក់សាំង ការពារកូវីដ-១៩វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា ៖នៅភ្នំពេញ ប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួល ការចាក់វ៉ាក់សាំងនូវឡើងទេ ដូច្នេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះស្រង់ស្ថិតិនិងស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ ថាតើ ហេតុអ្វីមកដល់ ម៉ោងនេះហើយពួកគាត់ នៅមិនទាន់បានចាក់វ៉ាក់សាំង។ លោកបន្តថា ៖រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការចាក់វ៉ាក់សាំងនេះ នៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្ត ចាប់ពីថ្ងៃអាទិត្យទី២៧ មិថុនានេះរហូតដល់ ថ្ងៃទី០៨កក្កដា ២០២១។
ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួល ចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីឱ្យក្រុមគ្រូពេទ្យយើង បានបន្តទៅចាក់ ឱ្យប្រជាពលរដ្ឋនៅ បណ្តាខេត្តផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង