សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានធ្វើការនាំខ្លួន មនុស្សចំនួន០៦នាក់ ពាក់ព័ន្ធនឹងសកម្មភាព ទិញលក់ប័ណ្ណចាក់វ៉ាក់សាំង
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានធ្វើការនាំខ្លួនមនុស្សចំនួន០៦នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាព ទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
សូមជម្រាបជូនថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលផ្តល់មកដើម្បីចាក់ជូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេស ដែលកំពុងបំពេញការងារនៅខេត្តព្រះសីហនុ គឺដោយគ្មានការគិតថ្លៃ។
ដោយឡែកចំពោះប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចុះចែកជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដោយមិនគិតថ្លៃដូចគ្នា។ ដូច្នេះសកម្មភាពនៃការលក់ដូរ ប័ណ្ណចាក់វ៉ាក់សាំង និងទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមឱកាសនិយមទាំងនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវចាត់ការតាមនីតិវិធីច្បាប់ យ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឡើយ៕