ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីកំពុង កាយស្ដាប្រឡាយមេ២ ខ្សែ នៅអមសងខាងផ្លូវជាតិលេខ៤និងផ្លូវរថភ្លើង ហើយគ្រោងនឹងស្ថាបនា ផ្លូវលើខ្នងប្រឡាយនេះបន្ថែមទៀត

53

ភ្នំពេញ៖  ដោយមានការគិតគូរយ៉ាងយកចិត្តទុក ដាក់ចំពោះបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនៅ ប៉ែកខាងលិចរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល និង ពោធិ៍សែនជ័យ បន្តចុះ កាយស្តារលូ ប្រឡាយសំខាន់ៗមួយចំនួន ដើម្បីរំដោះជំនន់ទឹកជំនន់ ជៀសវាងឱ្យបាននូវការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ នារដូវវស្សានេះ ហើយជាគម្រោង អាជ្ញាធរខណ្ឌកំបូលក៏គ្រោងនឹងសុំទៅអាជ្ញាធររាជធានីភ្នំពេញ ធ្វើផ្លូវនៅលើខ្នងប្រឡាយនេះ ដើម្បីរំដោះការកកស្ទះចរាចរណ៍ផងដែរ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងនៅ រសៀលថ្ងៃទី២៥មិថុនានេះថា ៖ប្រឡាយមេពីរខ្សែនៅ អមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ដើម្បីបើកមុខទឹកអោយ ហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុង ការរំដោះជំនន់ទឹកភ្លៀង នៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល  និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។
លោក ម៉ៅ ប៊ុនធឿនបន្តថា ៖ការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះ ធ្វើឡើង គឺក្រោយពីទទួលបានបទបញ្ជា ពីលោកអភិបាលរាជធានីភ្នំពេញ ទើបមន្ទីរធន ធានទឹកនិងឧតុនិយម សហការគ្នាយ៉ាងស្អិតរមួតជាមួយអាជ្ញាធរខណ្ឌធ្វើការកាយស្ដារ តែម្តង ហើយ គ្រោងនឹងស្តារបញ្ចប់ នៅពេលដ៏ខ្លីខាងមុខ។
លោកបន្តទៀតថា៖ ការកាយស្តារប្រឡាយមេ១ខ្សែនៅខាងលិចផ្លូវរថភ្លើង យើងកាយស្ដារ ក្នុងទំហំមុខប្រឡាយ១២ម៉ែត្រនិងជម្រៅ រហូតដល់ទៅ៤ ម៉ែត្រ ចំណែកឯប្រឡាយ នៅខាងកើតផ្លូវរថភ្លើងដែល យើងបាននឹងកំពុងកាយស្ដានេះ  មានទំហំមុខប្រឡាយ៦ ម៉ែត្រ និងជម្រៅ៤ មែនដូចគ្នា។
លោកឱ្យដឹងដែរថា ៖ដើមឡើយទីនេះ ជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ ដោយការចាក់ដី សំរាមហូរចូលនិងស្មៅដុះជាច្រើនឆ្នាំ រហូតដល់លុបបាត់ប្រឡាយ ទាំងមូលតែម្ដង និងធ្វើឱ្យទឹកមិនអាចហូរកាត់ ទីនេះទៅកាន់បឹងទំនប់កប់ស្រូវបាន បង្ករឲ្យមានការលិចលង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ នៅប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌកំបូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។
លោកបញ្ជាក់ទៀតថា ៖ក្រោយពីប្រឡាយមេទាំងពីរខ្សែនេះ ដំណើរការឡើងវិញ វានឹងមានតួនាទីរំដោះទឹកភ្លៀងហូរមកពីស្រុកអង្គស្នួល បែកចាន នៃខេត្តកណ្ដាល  ខណ្ឌកំបូល និងពោធិសែនជ័យ។ លោករំពឹងថា ៖នៅក្នុងរដូវវស្សាឆ្នាំនេះ នឹងជួយកាត់បន្ថយបានយ៉ាងប្រសើរ នូវការជន់លិចដោយជំនន់ទឹកភ្លៀង នាប៉ែកខាងលិចរាជធានីភ្នំពេញក្នុងឆ្នាំនេះ។
ចំណែកលោក ឃឹម ស៊ុនសូដា បានបញ្ជាក់ផងដែរថា ៖នៅឆ្នាំក្រោយបន្ទាប់ ពីកាយស្ដារប្រឡាយទាំង២ខ្សែនេះរួចហើយ រដ្ឋបាលខណ្ឌកំបូលក៏គ្រោង និងមានសំណើរទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឈូសឆាយខ្នងប្រឡាយ ឱ្យរាបស្មើធ្វើជាផ្លូវ ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន ជាពិសេស គឺអាចរំដោះការកកស្ទះចរាចរណ៍ ពីកំណាត់ផ្លូវជាតិលេខ ៤បានផងដែរ។
គួរបញ្ជាក់ផងដែរថា៖ បច្ចុប្បន្នថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌកំបូល ក្រៅពីមមាញឹកនឹង ការងារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ក្នុងមូលដ្ឋាន ក៏បាននិងកំពុងមមាញឹក ក្នុងការស្ដារប្រឡាយលូ សំខាន់ៗនៅក្នុងដែនដីរបស់ខ្លួន ក្នុងនោះមានប្រឡាយអមសងខាង ផ្លូវជាតិលេខ៤ ប្រឡាយអមសងខាងផ្លូវ ចូលទៅខណ្ឌកំបូល ប្រឡាយអូរខ្សាច់ និងលូ ប្រឡាយសំខាន់ៗ មួយចំនួនទៀត ដើម្បីធានាបានថា នៅរដូវវស្សានេះ អាចជួយកាត់បន្ថយ ការជន់លិចដោយជំនន់ទឹកភ្លៀង បានប្រសើរជាងឆ្នាំកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង