ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្កែព្រៃ ជាប្រភេទសត្វកម្រ ចាប់ផ្តើមឃើញវត្តមានច្រើនឡើងវិញ នៅក្នុងតំបន់ការពារធម្មជាតិមួយចំនួនរបស់កម្ពុជា

52

ភ្នំពេញ៖ យោងតាមទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីជំនាញ នៃក្រសួងបរិស្ថាន បានដាក់នៅតាមតំបន់ការពារធម្មជាតិ ក្នុងតំបន់ទេសភាព ខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញកណ្តាល បានរកឃើញវត្តមាននៃសត្វឆ្កែព្រៃ។ ទោះបីជាមិនទាន់សូវសំបូរ តែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នក បរិស្ថាននិយម។

ជុំវិញវត្តមានឆ្កែព្រៃនេះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាន តាមរយៈបណ្តាញព័ត៌មាន នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបង្ហាញមោទកភាពថា នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ក្រោយកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញក្រោមការអនុវត្ត នយោបាយឈ្នះឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបមានឱកាសគ្រប់គ្រាន់ ដើម្បីរៀបចំផែនការការពារ និងអភិរក្សធនធានធម្មជាតិ ដែលខ្លួនមានហើយបច្ចុប្បន្ននេះ បាននឹងកំពុងតែទទួលបាននូវផ្លែផ្កា។

លោកបានបន្តថា ក្នុងរយៈពេលប៉ុន្មានខែនេះ ឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាញ ថតរូបបានតាមម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុង ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី។

អ្នកនាំពាក្យរូបនេះ បានបន្តថា ក្រៅពីដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងតំបន់ជួរភ្នំក្រវ៉ាញកណ្តាល និងឧទ្យានជាតិវីរៈជ័យ គេឃើញវត្តមាននៃសត្វឆ្កែព្រៃ ក្នុងដែនជម្រកសត្វព្រៃផ្សេងទៀត ក្នុងតំបន់ទេសភាពខ្ពស់រាបភាគខាងកើត ដូចដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីមាជាដើមតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ បានចាប់បានរូបភាពនៃប្រភេទសត្វទាំងនេះ រួមនឹងកូនតូចៗផងដែរ។

លោក នេត្រ ភក្ត្រា បានអះអាងថា «នេះគឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះ ចាប់ផ្តើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួន ហើយតំបន់មួយចំនួនទៀតមានចំនួនកើនឡើង»។

បើតាមលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ នៃក្រសួងបរិស្ថាន ដែលបានដឹកនាំ ការស្រាវជ្រាវប្រភេទសត្វកម្រៗ នៅក្នុងឧទ្យានជាតិវីរៈជ័យ បានថ្លែងថា ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ (Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN។ ឆ្កែព្រៃរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ និងព្រៃល្បោះនៅក្នុងតំបន់ការពារធម្មជាតិមួយ ចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។

លោកបន្តថាឆ្កែព្រៃខុសពីសត្វចចក វាចូលចិត្តរស់នៅជាហ្វូងធំៗអាចមានរហូត ដល់ជាងដប់ក្បាល ដែលបង្កលក្ខណៈងាយស្រួល ក្នុងការប្រមាញ់ចំណី (ជាពិសេសប្រភេទសត្វមាឌធំ) និងទប់ទល់នឹងសត្រូវ។

លោកបានបន្ថែមថា កត្តាគំរាមកំហែងដល់សត្វឆ្កែព្រៃមានដូចជា ការដាក់អន្ទាក់ បាត់បង់ទីជម្រក បាត់បង់សត្វដែលជាចំណី (ពពួកសត្ចក្រចកជើងចំពាម) ការចម្លងជំងឺពីឆ្កែស្រុកដែលត្រូវបានយកចូលក្នុងព្រៃក្នុងគោលបំណងផ្សេងៗ។ មានការសិក្សាស្រាវជ្រាវមួយ នៅដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតប្រទេសកម្ពុជា ស្តីពីរបបអាហាររបស់សត្វឆ្កែព្រៃ (២០១៣-២០១៥) ដោយលោក Jan F. Kamler បានបង្ហាញថា សត្វឆ្កែព្រៃភាគច្រើនស៊ីឈ្លូស ជ្រូកព្រៃ និងសត្វទន្សោង ជាអាហារ។ តាមការបញ្ជាក់របស់លោក ពិន ច័ន្ទរតនា តំបន់ណាដែលសំបូរដោយ វត្តមានខ្លារខិន នោះនឹង មិនសូវសំបូរវត្តមានសត្វឆ្កែព្រៃឡើយ ព្រោះសត្វទាំងពីរប្រភេទនេះ ស្វែងរកអាហារដូចគ្នា។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរកឃើញវត្តមានសត្វកម្រៗ ជាច្រើនក្នុងនោះមានសត្វឆ្កែព្រៃនៅ ក្នុងតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា បានបង្ហាញថាតំបន់ការពារធម្មជាតិ ត្រូវបានការពារ និងអភិរក្សបានល្អប្រសើរ និងបានក្លាយជាទីជម្រកដ៏មាន សុវត្ថិភាពសម្រាប់សត្វព្រៃ។

ក្រសួងបរិស្ថានក្នុងនាមសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានដែនយុត្តាធិការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីការពារព្រៃឈើដែល ជាទីជម្រករបស់ពពួកសត្វព្រៃ។ កម្ពុជាពិតជាមានមោទកភាពដែល មានវត្តមានប្រភេទសត្វកម្រ និងជិតផុតពូជនៅ លើពិភពលោកមាននៅកម្ពុជា។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សជីវៈចម្រុះជាពិសេសប្រភេទ សត្វព្រៃជិតផុតពូជ កុំព្យាយាមនាំ សត្វស្រុកចូលក្នុងព្រៃព្រោះសត្វស្រុកដូចជាសត្វឆ្កែជាដើម ដែលទឹកមាត់របស់វាមានផ្ទុល មេរោគអាចបង្កផលប៉ះពាល់ ដល់សត្វឆ្កែព្រៃ និងរួមគ្នាថែរក្សាសត្ចព្រៃទាំងឡាយ ឱ្យបានគងវង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយនិយាយថាទេចំពោះសាច់សត្វព្រៃ និងកុំប្រើប្រាស់របរ ដែលផលិតពីវត្ថុធាតុដើមធ្វើពីសំណាកសត្វព្រៃ៕

អត្ថបទដែលជាប់ទាក់ទង