ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច ទប់ស្កាត់ប្រជាពលរដ្ឋ ចំនួន​៨​នាក់ ​បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅថៃ

44

ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា​ ឆ្នាំ២០២១​ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា​ ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង បានធ្វើសកម្មភាពទប់ស្កាត់ ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីប្រទេសថៃ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន​ ចំនួន​៨​នាក់​ (ស្រី៤នាក់)។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ លោកវរសេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរងទទួលការងារវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ៨ ១៧ បានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា​ ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង ក៏ប្រទះឃើញប្រជាពលរដ្ឋទាំង៨នាក់នោះ បម្រុងលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីប្រទេសថៃ។

បន្ទាប់ពីធ្វើការសាកសួរ កត់ឈ្មោះធ្វើកិច្ចសន្យាអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូន ឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅពិនិត្យសុខភាព និងយកសំណាកនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ មុននឹងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក​៕

អត្ថបទដែលជាប់ទាក់ទង