ឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត ជានាយរងប៉ុស្តិ៍អូរហ៊ុច មេបញ្ជាការរង ពាក់ព័ន្ធបទល្មើសព្រៃឈើ ក្នុងតំបន់អូរហ៊ុច
មណ្ឌលគិរី ៖ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តរុករកឃើញវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ដែលស្ថិតក្នុងជួរកងកម្លាំងប្រដាប់អាវុធ ជានគរបាលនិងយោធា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយសង្ស័យថា មានពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ នៅតំបន់អូរហ៊ុច ស្ថិតក្នុងខេត្តមណ្ឌលគិរី ។
របាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមមានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្តរុករកវត្ថុតាងរកឃើញគល់ឈើដែលបានកាត់ចំនួន ៧៧គល់ និងរកឃើញឈើស្រឡៅមូលចំនួន ៣ដើម និងឈើអារជ្រុងស្រឡៅ ចំនួន១៣កំណាត់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បន្ថែមទៀត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីមានៈ ១.ឈ្មោះ ព្រំ វណ្ណៈ នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន ២.ឈ្មោះ ផាត សុខឡេង នាយរងប៉ុស្តិ៍អូរហ៊ុច នគរបាលការពារព្រំដែន និង៣.ឈ្មោះ អ៊ាង ចាន់ឌី មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន។
ការឃាត់ខ្លួននេះ បានកើតឡើងក្រោយគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីប្រដាប់អាវុធ ចំនួន៤នាក់ បញ្ជូនទៅតុលាការ។
សូមបញ្ជាក់ដែរថា អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខភម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងក្រុមការងាររបស់គណៈកម្មការជាតិ ដែលមានសមាសភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនគរបាលជាតិ តំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័រ២គ្រឿ ម៉ូតូ២គ្រឿង និងរណារយន្ត១។
បច្ចុប្បន្នបានកសាងសំណុំរឿង ចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ មានឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំ ការពារព្រំដែនលេខ២, ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និងឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។ ចំណែកក្រុមការងាររបស់ គណៈកម្មការជាតិបន្តរុករកគល់ឈើដែលបានកាប់បំផ្លាញ និងវត្ថុតាង មុខសញ្ញាពាក់ព័ន្ធទាំងអស់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕