ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​​ កាន់ពូថៅ​ចូល​ទៅ​កាប់ ​លោកយាយ​ម្នាក់ ​ស្លាប់​

87

 

​បន្ទាយ​មាន​ជ័យ​ ៖​ លោកយាយ​វ័យ​៧៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជន​ដៃដល់​វ័យ​៦៧​ឆ្នាំ​ យក​ពូថៅ​កាប់​ចំនួន​០៤​កន្លែង​ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ ខណៈ​កំពុង​ដេក​លង់លក់​នៅ​ក្រោមផ្ទះ​ពេល​ថ្ងៃត្រង់​ ។​

​ហេតុការណ៍​នៃ​អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០៥​នាទី​ ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​ភូមិ​ឃូ​ស្វាយ​ ឃុំ​បុ​ស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​ថា​ ៖​ជន​រង​គ្រោះ​ឈ្មោះ​ សួ​ សួង​ ភេទ​ស្រី​ អាយុ​៧៤​ឆ្នាំ​ រស់នៅ​ភូមិ​ឃូ​ស្វាយ​ ឃុំ​បុ​ស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ច​យ​ សឺ​ន​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ នៅ​ភូមិ​ឃូ​ស្វាយ​ ឃុំ​បុ​ស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ (​ផ្ទះ​នៅ​ចម្ងាយ​ពី​ផ្ទះ​ជន​រង​គ្រោះ​ប្រហែល​១០០​ម៉ែត្រ​)​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ​ យ៉ែ​ត​ ឡា​វិ​ន​ណា​ អាយុ​០៨​ឆ្នាំ​ ត្រូវជា​ចៅ​ជន​រង​គ្រោះ​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​៖​ នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​បាន​ដេក​នៅ​លើ​អង្រឹង​ ចំណែក​យាយ​របស់​ខ្លួន​ដេក​លើ​ឥដ្ឋការ៉ូ​នៅ​ក្រោមផ្ទះ​ជាមួយ​គ្នា​ យាយ​របស់​ខ្លួន​បាន​ដេក​លង់លក់​ហើយ​ ចំណែក​ខ្លួន​ដេក​មិន​ទាន់​លក់​ទេ​ ។​ ខណៈនោះ​ឃើញ​ឈ្មោះ​ ច​យ​ សឺ​ន​ បាន​កាន់​ពូថៅ​ដើរ​ចូល​តាម​ទ្វារ​មុខ​មិន​បាន​បិទ​ ហើយ​ក៏​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​យាយ​របស់​ខ្លួន​ត្រូវ​ចំ​ក្បាល​ឮ​សូរ​ភូសៗ​ ចំនួន​០៤​ពូថៅ​ ពេល​ឃើញ​ដូច្នោះ​ខ្លួន​បាត់​ស្ទុះ​ក្រោក​ពីលើ​អង្រឹង​រត់​មក​ក្រោយ​ផ្ទះ​ ។ ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​ ។​

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ឆ្លង​តាម​ការ​ស្រាវជ្រាវ​ ជន​រង​គ្រោះ​និង​ជន​ដៃដល់​ ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​រឿង​ព្រំ​ដី​ ។​ ពេល​នេះ​កម្លាំង​នគរបាល​ស្រុក​កំពុង​ស្វែងរក​ចាប់​មុខសញ្ញា​ជនល្មើស​ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង