ក្រុមហ៊ុន រិទ្ធិមុន្នី គេចវេះមិនចូលខ្លួនដោះស្រាយ ករណីបង្កគ្រោះថ្នាក់ចរាចរស្លាប់ម្នាក់
កោះកុង៖ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា រយៈពេល១ខែហើយ ដែលក្រុមហ៊ុន រិទ្ធិមុន្នី មិនចូលរួមសហការ ជាមួយសមត្ថកិច្ច និងមិនបានបង្ហាញអត្តសញ្ញាណរបស់អ្នកបើកបរ ដល់កម្លាំងជំនាញ ក្នុងករណីគ្រោះថ្នាក់ចរាចរ ទិសដៅបញ្ច្រាសគ្នា បណ្តាលភាគីម្ចាស់ទៀត ស្លាប់ម្នាក់ ។
មជ្ឈដ្ឋានពលរដ្ឋបាននិយាយថា នេះគឺជាការគេចវេះមិនទទួលខុសត្រូវ របស់ក្រុមហ៊ុន រិទ្ធិមុន្នី ចំពោះជនរងគ្រោះ គឺមិនត្រឹមតែករណីនេះទេ គឺមានច្រើនករណីផ្សេងទៀត។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨នេះ ចំពោះ ករណីនេះ គឺកម្លាំងជំនាញយើង មិនទាន់ដោះស្រាយរួចនូវឡើយទេ ដោយសារតែខាងក្រុមហ៊ុន រិទ្ធិមុន្នី មិនចូលរួមសហការជាមួយសមត្ថកិច្ចយើង ដោយមិនបានបង្ហាញ អត្តសញ្ញាណរបស់អ្នកបើបរ ដល់កម្លាំងជំនាញយើង ។ បញ្ជាក់ ៖ ករណីនេះកើតឡើង នៅយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០.០០នាទីយប់ នៅចំណុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង រវាងរថយន្តមេការក្រុមហ៊ុនគាធី និងរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុនី បានបើកបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យខាង រថយន្តក្រុមហ៊ុនគាធី ស្លាប់បុរសម្នាក់ “។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០.០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក រវាងរថយន្តមេការក្រុមហ៊ុនគាធី និងរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុនី បានបើកបុកគ្នាក្នុងទិសដៅបញ្ច្រាស លើដងផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ១០៥-១០៦ ស្ថិតនៅចំណុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។
រថយន្តក្រុមហ៊ុនគាធី ម៉ាក តូយ៉ូតា តាកូម៉ា ១បាំងកន្លះ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2Q-5670 ទិសដៅ កោះកុង-ភ្នំពេញ បើកបរដោយ ឈ្មោះ អយ ចាន់ថន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់) ចំពោះរថយន្ត រងការខូចខាតមួយចំនួនធំ ។ ដោយឡែករថយន្តក្រុងក្រុមហ៊ុន រិទ្ធិមុន្នី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B.4084 បើកក្នុងទិសដៅ ភ្នំពេញ-កោះកុង សមត្ថកិច្ចជំនាញយើង យកព័ត៌មិនទាន់បាន ដោយសារក្រោយកើតហេតុ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បានរត់គេចខ្លួនអស់ ។
ករណីខាងលើនេះ ជនរងគ្រោះខាងលើ បានស្លាប់ នៅនឹងកន្លែងកើតហេតុ ពេលនេះបានដឹកមកមណ្ឌលសុខភាពត្រពាំងរូង និងធ្វើការផ្តល់ជូនទៅតំណាងក្រុមក្រុមហ៊ុនគាធី ដើម្បីដឹកយកទៅជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណីសាសនា ៕