រដ្ឋបាលរាជធានី ផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារបឹងកេងកង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារបឹងកេងកង មានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ ដែលមានករណ៏វិជ្ជមានកើតឡើងថ្មីក្នុងចំណោមបុគ្គលិក-កម្មករ និង អាជីវករ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ (ដបំបួន) ថ្ងៃ គិត ចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។
សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ មូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យ បានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គណៈកម្មការផ្សារបឹងកេងកង ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រី សុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការ រដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកដំណើរការជាបណ្ដោះអាសន្ន ត្រូវបានហាមឃាត់រាល់ការ ចេញ-ចូល និងរាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងមូលដ្ឋានផ្សារបឹងកេងកង លើកលែងតែករណីចំបាច់ ដូចខាងក្រោម ៖ – ការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ នៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក។ – ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ។ – ការចេញ-ចូល និងការជួបជុំរបស់គណៈកម្មការផ្សា អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ ត្រូវ អនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាតម្លាត សុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌបឹងកេងកង សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យជាប្រចាំពាក់ព័ន្ធការអនុវត្ត វិធានការរដ្ឋបាល វិធានការសុខាភិបាល និងការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេល ផ្អាកដំណើរការជាបណ្ដោះអាសន្ន ឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់៕