ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម Xi Jinping ផ្ញើសារលិខិតអបអរសាទរ ដល់សម្តេចតេជោ ហ៊ុន សែន ខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

121

ភ្នំពេញ ៖ បើតាមការផ្សាយព័ត៌មាន លើផេកហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី២៨ ខែមិថុនា ឯកឧត្តម Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម Xi Jinping បានថ្លែងក្នុងសារលិខិតអបអរសាទរថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ឯកឧត្តមតាំងនាមឱ្យគណបក្សកុម្មុយនិស្តចិន ប្រជាជនចិន និងក្នុងនាមលោកផ្ទាល់ ចូលរួមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា!

ឯកឧត្តមបានចង្អុលបង្ហាញថា រយៈពេលយូរមកនេះ គណបក្សប្រជាជនកម្ពុជា  បានរួបរួមដឹកនាំប្រជាជនកម្ពុជា ចូលរួមកិច្ចកសាងនិងការអភិវឌ្ឍប្រទេសជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ភាគីចិនបន្តគាំទ្រជាមួយភាគីកម្ពុជា ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ ជឿជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ គណបក្សប្រជាជនកម្ពុជា នឹងបន្តរួមចំណែកកាន់តែច្រើន និងកាន់តែធំធេងសម្រាប់វិបុលភាពប្រទេសកម្ពុជា និងសុភមង្គលរបស់ប្រជាជន និងក្នុងកិច្ចការសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម ទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍន៍ ក្នុងកម្រិតខ្ពស់រយៈពេលវែង។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជារួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បានយកសកម្មភាពជាក់ស្តែង មកបង្ហាញពីចំណងមិត្តភាពដែលមិនអាចបំបែកបាន និងបានបង្ហាញពីដំណើរវិវឌ្ឍន៍ឥតឈប់ឈរ ជាប្រវត្តិសាស្រ្ត។ គណបក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការចំណងមិត្តភាព ជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តមរីករាយបន្តសហការជាមួយសម្តេចតេជោ បង្កើនការដឹកនាំនយោបាយ ចំពោះទំនាក់ទំនងរវាងគណបក្សទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៃបក្ស និងកិច្ចសហប្រតិបត្តិការទំនាក់ទំនង លើបណ្ដាវិស័យផ្សេងទៀតឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍ វាសនារួមរវាងចិននិងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង