ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកចាក់វ៉ាក់សាំងទី៤លាន ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង ហើយផ្តល់រង្វាន់១០លានរៀល និងសម្ភារៈផ្សេងទៀត

108

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទី៤លាន ដែលបានទៅលើយុទ្ធជនពិការ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។ យុទ្ធជនពិការនឹងទទួល បានថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត។

តាមរយៈហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះយើងចាក់បានជាង៤លាននាក់ ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្ស ដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

សម្តេចបានបន្តទៀតថា៖ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត ដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារថវិការទៅជូនប្អូនសូ សយ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។

សម្តេចក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំ ចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជា ឈានទៅសម្រេចបាននូវ ការចាក់វ៉ាកសាំង៤០ភាគរយ នៃចំនួនដែលត្រូវចាក់។

«ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុង ស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ»។ នេះជាការបន្ថែមរបស់សម្តេចតេជោ៕

អត្ថបទដែលជាប់ទាក់ទង