ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លាពពកត្រូវបាន ចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទ ងាយរងគ្រោះថ្នាក់នៅ ក្នុងពិភពលោកមានវត្តមាន នៅក្នុងឧទ្យានជាតិវីរៈជ័យ

67

ឧទ្យានជាតិវីរៈជ័យ៖ ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ ប្រភេទនេះទទួលរងនូវ ការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រក ដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ នៅក្នុងពិភពលោក។

ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅ ជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោត ពីលើដើមឈើសង្គ្រប់លើសត្វនៅដី ដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រញ៉ាំជើងមុខមុត សម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ។ ខ្លាពពកអាចបង្កើត កូនម្តងបានពី ២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ប្រហែល ៩០ ទៅ៩៥ ថ្ងៃ។

ចំពោះរបាយរស់នៅ ខ្លាពពកមានភូមិភាគឥសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាត្រូវបានរកឃើញនៅ ប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃនិងប្រទេសវៀតណាម។ ខ្លានេះបានផុតពូជនៅ ប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់។

ខ្លាពពកមានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ ក្រម៉ៅប្រផេះនៅលើ ដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះ មានពណ៌ខ្មៅខណ្ឌជាកំណា តើដុំផ្ទាំងនីមួយៗ។ ដុំផ្ទាំងនេះរីកធំ នៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នង រហូតស្ទើរដល់ក្រោមពោះ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមាន ស្នាមអិចតូចៗ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួល ក្នុងការប្រតោងមែកឈើ។ ខ្លាពពកងាយ ក្នុងការចំណាំណាស់ គឺយើងគ្រាន់តែក្រឡេកមើល នៅលើដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋាន ដូចដុំពពករាយពាសពេញដងខ្លួន។

អត្ថបទដែលជាប់ទាក់ទង