ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើ​ដល់ប្រទេសសឹង្ហបុរី​​ បន្តជួយពង្រឹងសមត្ថភាពធនធានមនុស្ស​នៅកម្ពុជា​បន្តទៀត​ ​លេីជំនាញប្រេីប្រាស់ភាសាអង់គ្លេស

271

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី​ ២៩​ ខែ​មិថុនា​ ឆ្នាំ​ ២០២១​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​លោកជំទាវ​ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សឹង្ហបុរី​ទេីបតែងតាំងថ្មី​ប្រចាំ​កម្ពុជា​ ដើម្បី​សម្ដែង​ការ​គួរសម​និង​ពិភាក្សា​ការ​ងារ​ នៅទីស្តីការក្រសួង​ ។

នៅក្នុងជំនួបនោះ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងនូវការស្វាគមន៍​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ដ៏ល្អ​រវាង​កម្ពុជា​ និង​សឹង្ហបុរី​ ក្នុង​ក្របខណ្ឌ​ទ្វេ​ភាគី​ និងអាស៊ាន​ ក៏ដូចជា​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ ទាំងក្នុង​ក្របខណ្ឌ​តំបន់​និង​អន្តជាតិ​ផងដែរ​ ។

ទន្ទឹម​នឹង​នេះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ក៏បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះប្រទេសសឹង្ហបុរី​ ដែល​បាន​ដេីរតួរ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ និងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រី​ និងនិស្សិតកម្ពុជារាប់មុឺននាក់​ ទាំងការ​បណ្តុះ​បណ្តាល​ក្នុងស្រុក​ និងនៅប្រទេសសឹង្ហបុរីផ្ទាល់​ ។ ក្នុងនោះ​ ក៏មានមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ផងដែរ​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​ស្នើ​ដល់ប្រទេសសឹង្ហបុរី​ តាមរយៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ បន្តជួយពង្រឹងសមត្ថភាពធនធានមនុស្ស​នៅកម្ពុជា​បន្តទៀត​ ជាពិសេស​លេីជំនាញប្រេីប្រាស់ភាសាអង់គ្លេស​ ពីព្រោះ​ជាយាន​ដេីម្បី​ឲ្យមន្ត្រី​ក៏ដូចជា​និស្សិត​ងាយចាប់បាន​និងស្វែងយល់ចំពោះការសិក្សាជំនាញបច្ចេកទេសផ្សេងៗទៀត​ ។ ​

លោកជំទាវ​ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សឹង្ហបុរី​ទេីបតែងតាំងថ្មី​ប្រចាំ​កម្ពុជា​ បានសម្តែងនូវទឹកចិត្តរីករាយ​ចំពោះ​ការ​មក​បំពេញ​បេសកកម្ម​កាទូតនៅកម្ពុជា​ ។ ក្នុង​បេសកកម្ម​នេះ​ លោកជំទាវ​នឹងខិតខំ​ជំរុញ​ទំនាក់ទំនង​ និងកិច្ចសហប្រត្តិការ​ កម្ពុជា​-សឹង្ហបុរី​ ឲ្យកាន់តែប្រសេីរថែមទៀត​ ។​

​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ បានផ្តល់​សារ:សំខាន់​ ទៅលេីការបណ្តុះ​បណ្តាលធនធានមនុស្ស​ ពង្រឹង​វិស័យ​សហគ្រាស​ធនតូចនិងមធ្យម​ ការទាក់ទាញ​ការវិនិយោគ​ ​និងកិច្ចសហការ​ប្រតិបត្តិការ​លើ​វិស័យ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាដេីម​។ ក្នុងនោះ​ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​ចាប់អារម្មណ៍​លេីវិស័យ​ សិប្បកម្ម​បែបបុរាណនៅកម្ពុជាផងដែរ​ ។

ជាចុងក្រោយដៃគូសន្ទនា​ បានវាយតម្លៃខ្ពស់​ចំពោះភាពរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការ​លេីវិស័យ​កម្មសិទ្ធិបញ្ញា​ ។ ជាពិសេស​អនុស្សរណៈ​យោគយល់​គ្នា​នៃការចុះបញ្ជីទទួលស្គាល់សុពលភាពប្រកាសនីយ​បត្រតក្កកម្ម​(Patent)​ នៃ​ប្រទេស​សិង្ហបុរី​ នៅកម្ពុជា​ ។

សមិទ្ធផល​នេះ​ ធ្វើ​ឲ្យកម្ពុជា​ ឈាន​ទៅចុះអនុស្សារណ:នៃការ​យោគយល់​គ្នា​ជាបន្ដបន្ទាប់​ទៀត​ជាមួយ​ប្រទេសដៃគូជាច្រេីនទៀតលេីពិភពលោក​ រួមមាន​ជាមួយប្រទេស​ កូរ៉េ​ ចិន​ ជប៉ុន​ សហគមន៍អឺរ៉ុប​ និងសហរដ្ឋអាមេរិក​ ដែលជាឧបករណ៌ដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងជួយទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត​ ។

ទាក់ទង​នឹង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ គឺត្រូវទទួលបានការយកចិត្តទុកដាក់​ ហេីយ​ក្នុង​បរិបទ​បច្ចុប្បន្ន​ដោយសារ​វិបត្តិ​កូវីដ​១៩​ ការ​បណ្តុះបណ្តាល​តាមប្រព័ន្ធ​អនឡាញ​ គឺជាជម្រេីសដ៏ល្អ​ ហេីយ​យេីងមានលទ្ធភាពបណ្តុះបណ្តាល​សិក្ខាកាម​បានចំនួនច្រេីនជាងមុនទៀតផង​ ៕

អត្ថបទដែលជាប់ទាក់ទង