ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា គុយ ណាត និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៣.៥០០ដុល្លារអាមេរិកជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

103

 

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោកឧកញ៉ា គុយ ណាត អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៣.៥០០ដុល្លារអាមេរិកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ«ទាំងអស់គ្នាចូលរួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនិងជំងឺកូវីដ-១៩ ព្រមទាំងកសាងភាពធន់របស់សង្គមជាតិ» ហើយក្នុងការបរិច្ចាកថវិកាប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ)ដែលកំពុងរីករាល ត្បាតនៅក្នុងខេត្តព្រះសីហនុ ម្យ៉ាងវិញទៀតអំណោយ និងថវិកាទាំងអស់នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ យកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ហើយការទទួលអំណោយខាងលើនេះបានរៀបចំឡើងនៅព្រឹកថ្ងៃពុធ ៦ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

នាឱកាសនោះផងដែរឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ទាំងអស់ ដែលបានបរិច្ចាគថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះបានឆ្លុះបញ្ចាំអោយឃើញថាគឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក រួមទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ) ហើយយកទៅប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានោះឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានសូមឱ្យសប្បុរសធម៌ទាំងអស់ចូលរួមជាមួយក្រសួងសុខាភិបាល ជាពិសេសស្ដាប់នៅប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(៣កុំ)(៣ការពារ)ហើយជាចុងក្រោយឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ា និងលោកជំទាវ ជួបនូវពរជ័យ បវរសួស្តីមហាប្រសើរ ព្រមទាំងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង