បន្ទាប់ពីព្រះមហាក្សត្រ លើកលែងទោស , លោក សួន សេរីរដ្ឋា ត្រូវបានដោះលែង ចេញពីពន្ធនាគារហើយ
ភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ បង្គាប់ឱ្យដោះលែង តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅម៉ោង៧៖៤០នាទីយប់ ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៨នេះ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារហើយ ។
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យមួយត្រាស់បង្គាប់លើកលែងទោសឱ្យ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នេះបើយោងតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
ដីការបស់អយ្យការបានយល់ឃើញថា៖ តាមអំណាចព្រះរាជក្រឹត្យខាងលើ ឈ្មោះ សួន សេរីរដ្ឋា ភេទប្រុស កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ ត្រូវបានលើកលែងទោស។
ដីការបស់អយ្យការរបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីមានព្រះរាជក្រឹត្យបានត្រាស់បង្គាប់ លើកលែងទោសឲ្យទណ្ឌិតឈ្មោះ សួន សេរីរដ្ឋា កើតថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៧៣ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទញុះញង់កុំឲ្យយោជិន ស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបងទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមអំណាចសាលដីកាលេខ ១៤៩ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០១៨ របស់តុលាការកំពូល។
សូមជំរាបថា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោក សួន សេរីរដ្ឋា ត្រូវបានតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធការប្រមាថធ្ងន់ធ្ងរដល់កងទ័ពកម្ពុជា។
លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់បានសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង៕