អាជ្ញាធររាជធានី មិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវសាធារណៈទៀតទេ ដោយទុករយៈពេល២ខែ ដើម្បីផ្លាស់ប្តូរទីតាំងថ្មី
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលភ្នំពេញ បានដាក់បទបញ្ជាទៅឲ្យអាជ្ញាធរខណ្ឌ
នៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្មទៀតនោះទេ ។
អាជ្ញាធររាជធានីភ្នំពេញនិងទុករយៈពេលឲ្យ២ខែដើម្បីឲ្យពួកគាត់រុះរើឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងនៃរាជធានីភ្នំពេញវិញ។
ការដាក់បទបញ្ជាបែបនេះរបស់លោកឃួង ស្រេង
បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា៖វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន ៥នៅកណ្ដាលរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅកណ្ដាលក្រុងត្រូវតែធ្វើសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មបែបអនាធិបតេយ្យនោះ ប្រញាប់
រុះរើទីតាំងរបស់ខ្លួនទៅនៅជាយរាជធានីភ្នំពេញវិញដោយអាជ្ញាធររាជធានីភ្នំពេញនិងទុករយៈពេលឱ្យ២ខែ ដើម្បីឲ្យពួកគាត់រកទីតាំងថ្មី ។
លោកឃួង ស្រេងបានបញ្ជាក់ទៀតថា ៖មកដល់ពេលនេះ យើងឈប់និយាយរឿងប្រើប្រាស់ចិញ្ចើមផ្លូវ ២ភាគ៣ទៀតហើយ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើ ការអនុគ្រោះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមូយចំនួនណានោះ ដូចជាមិនចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ជុំវិញការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនោះទេ។ ដូច្នេះចាប់ពីពេលនេះតទៅ គឺមិនមានការអនុញ្ញាតឱ្យការប្រើប្រាស់ចិញ្ចើមផ្លូវធ្វើអាជីវកម្មបន្តទៀតទេ ។ លោកបន្តថា៖បងប្អូនអាចធ្វើអាជីវកម្មរកស៊ីលក់ដូរបានប៉ុន្តែមិនអនុញ្ញាតឲ្យប្រើប្រាស់ចិញ្ចើមផ្លូវនោះទេ បងប្អូនអាចលក់ម៉ូតូ លក់រថយន្តនៅក្នុងផ្ទះឬ ទីតាំងរបស់ខ្លួន ដោយមិនអោយរំលោភលើចិញ្ចើមផ្លូវសាធារណៈជាដាច់ខាន សូម្បីតែ២ភាគ៣ក៏ដោយ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តវិធានការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះទេ៕