ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិនិត្យវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ ក្នុងវិស័យជលផល

109

 

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានដឹកនាំកិច្ចប្រជុំដ៏មានសារសំខាន់ពាក់ព័ន្ធនឹង ការតាមដាននិងពិនិត្យវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយក្នុងវិស័យជលផល និងវឌ្ឍនភាពឆ្ពោះទៅសម្រេចសមិទ្ធផល ពីការគាំទ្រថវិកាទទួលពីគម្រោងស្តីពី ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកនេសាទ និងផ្នែកវារីវប្បកម្ម CAPFISH Programme។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ដៃគូអភិវឌ្ឍ នាយកអង្គការ FAO, AFD, UNESCO and UNIDO តាមប្រព័ន្ធ Zoom។

កម្មវត្ថុនៃកិច្ចប្រជុំដែលភាគីទាំងពីរលើកយកមកពិនិត្យ ពិភាក្សា និងវាយតម្លៃគឺវឌ្ឍនភាពនៃការអនុវត្តកម្មវិធីចំនួនពីរគឺ៖

១- កម្មវិធីស្តីពី “ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែក នេសាទ (Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector: Capture Component ហៅកាត់ថា CAPFISH-Capture)។

២- និងកម្មវិធីស្តីពី “ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្ម (Programme for Sustainable and Inclusive Growth in the Fisheries Sector: Aquaculture component ហៅកាត់ថា CaPFish Aquaculture)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកជំទាវឯកអគ្គរដ្ឋទូត សហការី និងមន្រ្តីរដ្ឋបាលជលផលទាំងអស់ បើទោះបីយើងស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានខិតខំអនុវត្តកម្មវិធីទាំងពីរខាងលើសម្រេចទទួលបានលទ្ធផលគួរជាទីមោទនៈ។ កិច្ចប្រជុំពិភាក្សានាពេលនេះ គឺជាមានបំណងពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យលើលទ្ធផលដែលបានសម្រេច កំណត់ចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗថែមទៀត សម្រាប់អនុវត្តបន្តដើម្បីជំរុញវិស័យមួយនេះ ឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ និងជាពិសេសឆ្លើយតបទៅនឹងផែនការអភិវឌ្ឍវិស័យវារីវប្បកម្ម។

ស្តែងចេញពីសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចសហការ និងគាំទ្រពីសហភាពអឺរ៉ុប ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកម្លាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើន ជំរុញផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះមានការវិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។

នាឱកាសនេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានធ្វើការវាយតម្លៃ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ តាមរយ:យុទ្ធនាការបញ្ចេញវ៉ាក់សាំងការពារជូនប្រជាពលរដ្ឋ។ ដោយឡែក ទាក់ទងលទ្ធផលរបស់ កម្មវិធីដែលសម្រេចបាន លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ។ លោកជំទាវបន្តទៀតថា កិច្ចប្រជុំនាពេលនេះមានសារសំខាន់ ព្រោះជាឱកាសល្អមួយដែលភាគីទាំងពីរ និងអ្នកពាក់ព័ន្ធទាំងអស់បានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង Capfish Aquaculture និងលើកទិសដៅអនុវត្តបន្ត ដើម្បីឲ្យការអនុវត្តគម្រោង សម្រេចទទួលបានជោគជ័យដូចការគ្រោងទុក និងទទួលបានប្រយោជន៍ សមស្របតាមអ្វីដែលវារីវប្បករចង់បានគឺ សេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង និងរក្សបាននូវ ធនធានធម្មជាតិប្រកបដោយចីរភាព និងបរិយាប័ននៃវិស័យជលផលជារួម និងដោយឡែកអនុវិស័យវារីវប្បកម្ម។

លោកជំទាវបានសង្កត់ធ្ងន់ថា វិស័យវារីវប្បកម្មបាននិងកំពុងចូលរួមយ៉ាងសកម្ម និងចាំបាច់ក្នុងកំណើនសេដ្ឋកិច្ចជាតិ រក្សាបាននូវនិរន្តរភាព ស្បៀង និងបង្កើនកម្រិតជីវភាព ក្នុងខណ:ស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ដូច្នេះ លោកជំទាវបានសន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យមួយនេះ ធ្វើយ៉ាងណាជំរុញកំណើនវិស័យជលផល ធានាបានសន្តិសុខស្បៀង ថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ ទាំងទឹកសាប និងសមុទ្រប្រកបដោយចីរភាព។
លោកជំទាវសង្ឃឹម និងជឿជាក់ថា តាមរយ:កម្មវិធីដែលបាននិងកំពុងអនុវត្ត នឹងពិតជាបានជួយដល់អ្នកនេសាទ វារីវប្បករកម្ពុជា សហគមន៍នេសាទទទួលបានអត្ថប្រយោជន៍ក្នុងការទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ ជាងនេះទៅទៀត តាមរយ:កម្មវិធីនេះបាន ធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និង EU ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាន់តែរឹងមាំទ្វេឡើង ថែមទៀតទាំងពេលបច្ចុប្បន្ន និងអនាគត។

សរុបមក ភាគីទាំងពីរបានឯកភាពទទួលយកលទ្ធផលដែលកម្មវិធីសម្រេចបាន ស្របពេលជា មួយគ្នាភាគីទាំងពីរបាន លើកយកប្រធានបទសំខាន់ៗ មួយចំនួនដូចជា វឌ្ឍនភាពនៃកម្មវិធី បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្ត។ មួយវិញទៀត ភាគីទាំងពីរបានឯកភាពថា នឹងបង្កើនសកម្មភាពកម្មវិធីឲ្យកាន់ តែសកម្មថែមទៀត បន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យសហភាពអឺរ៉ុប ពិនិត្យពិចារណាលើ ខ្សែសង្វាក់ផលិតកម្មកែច្នៃ កសាងសមត្ថភាពរបស់វារីវប្បករ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៕

 

អត្ថបទដែលជាប់ទាក់ទង