ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ នេត សាវឿន ណែនាំគ្រប់អង្គភាពនគរបាល កែសម្រួលរបៀបធ្វើការងារតាមបែបគន្លងថ្មីដោយផ្លាស់ប្ដូរវេនគ្នា

286

ភ្នំពេញ ៖ នៅថ្ងៃពុធ ទី ៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងលទ្ធផលអនុវត្តផែនការសកម្មភាពឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២១ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅពីចម្ងាយតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអគ្គស្នងការរង ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបប្រមាណជា១៧០នាក់ ។

យោងតាមរបាយការណ៍ដែលអានដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា៖ រយៈពេល០៦ខែកន្លងទៅនេះ ក្រោមការចង្អុលដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ គ្រប់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានយកចិត្តទុកដាក់អនុវត្តប្រកប ដោយប្រសិទ្ធភាពនូវផែនការសកម្មភាព របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាទិសដៅការងាររបស់ ក្រសួងមហាផ្ទៃដែលបានដាក់ចេញឲ្យអនុវត្តនាឆ្នាំ២០២១ ដោយបានធ្វើឲ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម មានលក្ខណៈល្អប្រសើរ ក្នុងនោះ ៖
-រក្សាបាននូវសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ បញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលានូវ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ រក្សាបាននូវស្ថិរភាព សន្តិសុខផ្ទៃក្នុង ដោយទប់ស្កាត់ប្រកប ដោយប្រសិទ្ធភាពនូវរាល់ សកម្មភាពប៉ុនប៉ង បង្កអសន្តិសុខក្នុងសង្គម ក៏ដូចជាឧបាយកលឧទ្ទាមកម្មប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
-បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មានការថយចុះ ៧% (១.៤៧៥/១៥៨៧លើក) ជាពិសេសបទល្មើសធ្វើឲ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ថយចុះដល់ទៅ ៩%(២៨២/៣១១លើក) គួបផ្សំនឹងលទ្ធផលបង្ក្រាប មានកម្រិតខ្ពស់រហូតដល់៩២%(១.៣៥០ករណី ចាប់ ១៩២៦នាក់)។ ចំពោះផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ព្រមទាំងបទល្មើសផ្សេងៗទៀត ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលជាវិជ្ជមាន។ ទន្ទឹមនេះ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ២៣% រីឯអ្នកស្លាប់ និងអ្នករបួស មានការថយចុះគួរឲ្យកត់សម្គាល់ ក្នុងខណៈពេលដែលហេតុការណ៍ គ្រោះថ្នាក់អគ្គិភ័យថយចុះ ៤១%។
-កងកម្លាំងនគរបាលជាតិ បានចូលរួមយ៉ាងសកម្មក្នុងកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការជាតិគ្រប់ថ្នាក់ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ជាពិសេសការផ្ទុះឡើងនូវ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។

ទន្ទឹមនឹងសមិទ្ធផលជោគជ័យខាងលើនេះ ក៏នៅមានសកម្មភាពសេសសល់តិចតួច ដែលខកខានមិនបានអនុវត្ត មកពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ ១៩ និងមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តដោះស្រាយនៅឆមាសទី២ខាងមុខ។
ក្នុងរបាយការណ៍ក៏បានដាក់ចេញទិសដៅ បន្តអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២១ សំដៅរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសសម្រេចតាម សូចនាករនៃផែនការសកម្មភាព និងទិសដៅការងាររបស់ក្រសួងមហាផ្ទៃ ដែលបានដាក់ឲ្យអនុវត្តឆ្នាំ២០២១នេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបានក្នុងការបំពេញភារកិច្ច របស់នគរបាលជាតិនៅទូទាំងប្រទេសក្នុងឆមាសទី១ឆ្នាំ២០២១ និងបានធ្វើការព្យាករណ៍ វាយតម្លៃសភាពការណ៍នាពេលខាងមុខ ដើម្បីត្រៀមលក្ខណៈចាត់វិធានការ ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសក៏បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មី ដែលកំពុងប្រឈមការឆ្លងរាតត្បាតជម្ងឺកូវីដ-១៩ និងការវិវត្តថ្មីនៃជម្ងឺដ៏កាចសាហាវនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍ដឹកនាំជាគន្លិះដូចខាងក្រោម៖
ទី១-កងកម្លាំងនគរបាលជាតិទូទាំង ប្រទេសត្រូវប្រុងប្រយ័ត្ន ម្ចាស់ការ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល ពិសេសអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាល “៣ការពារ និង៣កុំ” ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ដែលក្នុងនាមជាកងកម្លាំងត្រូវមានអម្រែកចំនួន០២គឺ ដាច់ខាតត្រូវការពារខ្លួន ក្រុមគ្រួសាររបស់ខ្លួន និងការពារអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល។
ទី២-ផ្អែកតាមផែនការដែលបានដាក់ចេញសម្រាប់ឆមាសទី២ ស្នើឯកឧត្តម លោកជំទាវ និងនាយកដ្ឋាន អង្គភាពជំនាញ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ចង្អុលដឹកនាំក្នុងការកសាងផែនការសកម្មភាពតាមមុខជំនាញ និងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដោយត្រូវមានការចាត់តាំងអនុវត្ត និងតាមដានត្រួតពិនិត្យឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់។
ទី៣-ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ដឹកនាំបំពេញបន្ថែម លើទិសដៅដែលមានស្រាប់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
-ត្រូវកែសម្រួលរបៀប ធ្វើការងារតាមគន្លងថ្មី ដោយចាត់តាំងឲ្យធ្វើការប្តូរវេន លើកលែងតែកម្លាំងនគរបាលយុត្តិធម៌ ក្នុងនោះមេដឹកនាំធ្វើជាគំរូ ប្តូរវេនប្រចាំបញ្ជាមានការទទួលខុសត្រូវពីលើដល់ក្រោម។
-ត្រូវបន្តពង្រឹងវិធានការរក្សាសន្តិសុខជាតិ ទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងឧបាយកលនានាដែល ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
-ខិតខំកាត់បន្ថយនូវបទល្មើសគ្រប់ប្រភេទ ទាំងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រឆាំងអំពើជួញដូរមនុស្ស បទល្មើសឧក្រិដ្ឋវិទ្យា ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ល.។ ជាពិសេស រាល់កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសត្រូវប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារ ការឆ្លងរាតត្បាតជម្ងឺកូវីដ-១៩។
-ត្រួតពិនិត្យ កែលម្អការងារចរាចរណ៍ តាមផ្លូវ រួមទាំងផ្លាស់ប្តូរឥរិយាបថមន្ត្រីដែលឈរជើងតាម គោលដៅត្រួតពិនិត្យការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់ ហ្មតចត់ និងរស់រវើក។
-ត្រូវយកចិត្តទុកដាក់ អំពីស្ថានភាព សុខភាព ការរស់នៅនៃកងកម្លាំងប្រមូលផ្តុំ ពិសេសកងកម្លាំងអន្តរាគមន៍ដោយត្រូវមានការគ្រប់គ្រង ត្រួតពិនិត្យជាប្រចាំចំពោះការស្នាក់នៅ ហូបចុក អនាម័យ និងសុខភាព គោរពតាមវិធានសុខាភិបាលដើម្បីលើកទឹកចិត្ត និងរក្សាបាននូវថាមពលកងកម្លាំងបម្រើឲ្យកិច្ចប្រតិបត្តិការ។
-កម្លាំងនគរបាលព្រំដែនត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាព ទប់ស្កាត់មិនឲ្យបទល្មើសឆ្លងដែនចេញ-ចូលខុសច្បាប់ និងត្រូវសហការជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដើម្បីគ្រប់គ្រងពលរដ្ឋដែល ឆ្លងដែនចូលកម្ពុជាវិញឲ្យបានហ្មត់ចត់។
ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព របស់កងកម្លាំងការពារព្រំដែនដោយខិតខំឲ្យអស់ពីលទ្ធភាព ក្នុងការអនុវត្តវិធានសុខាភិបាល និងការធ្វើតេស្តិ៍ឆាប់រហ័ស(Rapid Test) ក្នុងករណីមានអាការៈសង្ស័យ។
-ត្រូវធានាប្រមូលផ្តុំសភាពការណ៍ និងពង្រឹងប្រព័ន្ធទំនាក់ទំនងដើម្បីធានាដល់ចរន្តដឹកនាំបញ្ជា។ ជាមួយគ្នានោះត្រូវជំរុញអនុវត្តការងារ សមាគមមិត្តនគរបាលជាតិ(មន្ត្រីឈឺ ពលី…) និងពង្រឹងការអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃលេចធ្លោ។
-ត្រូវធ្វើជាសេនាធិការជូន គណៈកម្មការប្រឆាំងជម្ងឺកូវីដ-១៩នៅគ្រប់ថ្នាក់ ពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩ ដោយអនុវត្តវិធានការរដ្ឋបាល និងផាកពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គល ដែលប្រព្រឹត្តល្មើសនឹងវិធានសុខាភិបាល ក៏ដូចជាបទកំណត់នានាជាធរមាន សំដៅកាត់ផ្តាច់ការឆ្លងរាតត្បាតជម្ងឺកូវីដ-១៩។

-ត្រូវត្រៀមកម្លាំងអន្តរាគមន៍នៅគ្រប់ថ្នាក់ ពិសេស ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តត្រូវត្រៀមកម្លាំងជួយអធិការដ្ឋាន ថ្នាក់អធិការដ្ឋានត្រូវត្រៀមជួយ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅពេលមានការចាំបាច់។ ក្នុងនោះជំរុញ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ម្ចាស់ការគ្រប់គ្រងសភាពការណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងត្រូវត្រៀម កម្លាំងជួយស្នងការដ្ឋាននគរបាលខេត្ត ដែលមានភូមិសាស្ត្រជាប់គ្នា និងត្រូវពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋចំណូលស្រុកពីប្រទេសជិតខាង សំដៅកាត់ផ្តាច់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង