ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡដ្ឋានស្ដាតចាស់ គ្រោងបើកដំណើរការប្រកួតឡើងវិញ នាខែសីហា បន្ទាប់ពីធ្វើការកែប្រែមុខមាត់ថ្មី

152

 

CAMSOC-ភ្នំពេញ ៖ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ឬស្ដាតចាស់ គ្រោងនឹងបើកដំណើរការប្រកួត ក៏ដូចជាការហ្វឹកហាត់ឡើងវិញ នាខែសីហាខាងមុខ បន្ទាប់ពីកីឡដ្ឋានដ៏ចំណាស់នេះ បានធ្វើការកែប្រែមុខមាត់ថ្មី ដោយការជួសជុលទីលាន ប្រព័ន្ធរំដោះទឹក និងការផ្លាស់ប្ដូរស្មៅស្ដង់ដារជាដើម កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា មកទល់ពេលនេះ ដំណើរការជួសជុលកីឡដ្ឋានស្ដាតចាស់ បានវិវត្តន៍យ៉ាងរលូន ក្នុងនោះការផ្លាស់ប្ដូរសិប្បនិម្មិតនៅក្រោយទីលានទាំងសងខាង បានរួចរាល់ ១០០% ហើយ និងបានប្រើប្រាស់រយៈពេល ១ខែមកហើយ នៅឡើយតែស្មៅធម្មជាតិ នៃទីលានប្រកួតប៉ុណ្ណោះ ដែលត្រូវការពេលប្រហែល ១ខែទៀត ទើបអាចប្រើប្រាស់បាន។

លោកបន្ដថា «ចំពោះស្មៅធម្មជាតិ មកទល់ពេលនេះ យើងសម្រេចបាន ៧០% ហើយ បានន័យថា ការធ្វើគ្រឹះ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ គឺរួចរាល់ហើយ។ រីឯការដាំស្មៅ ឥលូវក៏រួចរាល់ដែរ តែយើងនៅរង់ចាំការវិវត្តន៍នៃស្មៅ ដែលឥឡូវយើងឃើញថា ស្មៅបានដុះប្រហែលជាង ៧០% ហើយតាមផែនការក្នុងរយៈពេល ១ខែទៀត នឹងដុះពេញទាំងស្រុង ហើយអាចប្រើប្រាស់បាន សម្រាប់ការហ្វឹកហាត់ និងការប្រកួត» ។

អគ្គលេខាធិការក្រុមសមាជិកក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដដែល បានសង្កត់ធ្ងន់ថា «ដូចអ្វីដែលយើងបានធ្វើផែនការកន្លងមក គឺយើងនឹងប្រើប្រាស់ទីលានថ្មីរបស់យើងនេះ ក្នុងការប្រកួតជុំទី២ ដោយការប្រកួតទី១ ក្នុងជុំទី២ នៃលីគកំពូលកម្ពុជា គឺនៅក្នុងខែសីហាខាងមុខ អ៊ីចឹងបើកការប្រកួតជុំទី២ យើងនឹងបើកកីឡដ្ឋានរបស់យើងរៀបចំធ្វើម្ចាស់ផ្ទះតែម្ដង។

គួរដឹងថា ការជួសជុលកីឡដ្ឋានស្ដាតចាស់នេះ ត្រូវចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ដោយការផ្លាស់ប្ដូរស្មៅធម្មជាតិ ដែលមានគុណភាពខ្ពស់ និងស្ដង់ដារ សម្រាប់ត្រៀមទទួលការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ជាក់ស្ដែងកាលពីពេលថ្មីៗ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏បានកំណត់យកកីឡដ្ឋានស្ដាតចាស់ ធ្វើជាទីលានមួយ សម្រាប់រៀបចំការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង