កូវីដ១៩ នឹងនៅជាមួយយើង រយៈពេលយូរ ខណៈមានវត្តមានវីរុស Delta ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរចែករំលែក
ភ្នំពេញ៖ ថ្លែងសារពិសេសទៅកាន់ជនរួមជាតិជាព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថាការសង្ឃឹមថាកូវីដ១៩ ផុតរលត់វាមិនអាចទៅរួចក្នុងរយៈពេលដ៏ខ្លីនោះទេ ហើយវានឹងនៅជាមួយយើងរយៈពេលយូរដូចជាគ្រុនផ្តាសាយធំ ដែលវាតែងតែកើត ដូច្នេះយើងត្រូវបន្តការខិតខំ ជាមួយនឹងវិធានការថ្មីៗបន្ថែមទៀត ។
សម្តេចបញ្ជាក់ថា ថ្ងៃនេះសម្តេចនឹងដាក់ចេញ យុទ្ធសាស្ត្រថ្មីចំនួន ៥ បន្ថែមក្នុងការទប់ស្កាត់ការឆ្លងនិងការរាលដាលនៃវីរុសកូវីដ១៩ ពិសេសគឺការទប់ស្កាត់ការនាំចូលកូវីដបំប្លែងថ្មី ។ កន្លងទៅពីមុនការនាំចូលកូវីដ ធម្មតា បន្ទាប់មកកូវីដអង់គ្លេស B117 ឬហៅថា Alpha ប៉ុន្តែឥឡូវដែលគេចាត់ទុកគ្រោះថ្នាក់បំផុតគឺ Delta ពីឥណ្ឌា Alpha ឆ្លងរហ័សនៅខ្មែរ តែ delta ឆ្លងកាន់តែលឿន យើងត្រូវដាក់ចេញយុទ្ធសាស្ត្របន្ត ទប់ស្កាត់ ។
សម្តេចបានបន្តថា វិធានការណ៍ ៥ យ៉ាង ដាក់ចេញ ១- ពង្រឹងការគ្រប់គ្រងច្រកចេញ-ចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស ។ ត្រូវយកចិត្តទុកដាក់ធ្វើការងារនេះឱ្យបានម៉ត់ចត់ ។ ព្រំដែនគោក យើងបានធ្វើមុនប្រទេសថៃផ្ទុះ យើងបានពង្រាយតំបន់ធ្វើចត្តាឡីស័ក ពេលវៀតណាមផ្ទុះខែមករា យើងក៏ពង្រឹង ។ សម្តេចបន្តថា ស្ថានភាពនៅហូជីមិញ មិនខុសពីរាជធានីភ្នំពេញទេពេលនេះរាលដាលមកជិតដល់ព្រំដែនវៀតណាមហើយ ។ ការពន្លត់ការឆ្លងក្នុងទីក្រុងជាការលំបាកណាស់ ។ យើងកំពុងរៀនសូត្រពីវៀតណាម អំពីការគ្រប់គ្រងការផ្ទុះ ។វៀតណាម ផែនការយកសំណាក ៥ ម៉ឺននាក់ ក្នុងមួយថ្ងៃ ។ ដែលជាបទពិសោធន៍កម្ពុជានឹងរៀនសូត្រតាម ។
សម្តេចបន្តថា អ្វីដែលជាកង្វល់ធំ សំខាន់ គឺព្រំដែនកម្ពុជា-ថៃ មិនមែនថៃចូលកម្ពុជាទេ តែពលករខ្មែរទៅធ្វើការនៅថៃ អស់ការងារធ្វើត្រឡប់មកកម្ពុជាវិញ។ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ យើងមិនអនុញ្ញាតឱ្យធ្វើចត្តាឡីស័កខាងក្នុងទេ គឺត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែនទាំងអស់ ។ ចំណុចនេះ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ជា មួយព្រំដែនថៃ កន្លែងធ្វើចត្តាឡ៏ស័ក
ទន្ទឹមនឹងនោះ ព្រំដែនវៀតណាម អណិក ជនវៀតណាម ចូលទៅវៀតណាម ហើយចូលមកកម្ពុជាវិញ វាអាចនាំជំងឺទៅ និងនាំជំងឹមក ។ ការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម នៅចាហ្គាតា និងតាមទូរស័ព្ទ ធ្វើម៉េចគ្រប់គ្រងតំបន់មានអណិនជនរស់នៅ ប្រាប់ផ្អាកការឆ្លងដែនទៅវៀតណាម និយាយត្រង់ៗទៅ ឱ្យផ្អាកការធ្វើដំណើរសិន ព្រោះត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅវៀតណាមសួរសុខទុក្ខបងប្អូន ត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃទៀត ។
សម្តេចប្រកាសថា សម្តេចទទួលយកនូវការទទួលខុសត្រូវ លើបញ្ហាកូវីដ ការធ្វើតេស្តរហ័ស ត្រូវតែផ្តល់មធ្យោយបានតេស្តរហ័ស និងធ្វើតេស្ត ម៉ាស៊ីនធំ (ករណីសង្ស័យ) នៅតាមច្រកព្រំដែនឱ្យបានតឹងរ៉ឹងបំផុត ។
សូមបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍ ២០ កុម្ភៈ កម្ពុជាមានអត្រានៃឆ្លងច្រើនរាបរយនាក់ក្នុងមួយថ្ងៃៗ និងមានអ្នកស្លាប់ច្រើនជាង ៦០០ នាក់ហើយ ។
សូមបញ្ជាក់ថា ល្បឿននៃការឆ្លងរបស់វីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) ឬ B.1.617-2 ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ខ្លាំងជាងវីរុសបំប្លែងប្រភេទអាល់ហ្វា(Alpha) ឬB.1.17 ដែលត្រូវបានរកឃើញនៅប្រទេសអង់គ្លេស និងផ្ទុះឆ្លងនៅកម្ពុជា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ ។ គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញ វីរុសបំប្លែងថ្មី Delta ចំនួន ២២ ករណីហើយ ៕