ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរាជធានី-ខេត្ត ឲ្យបន្ដពង្រឹងសន្ដិភាព ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិ

42

កំពង់ឆ្នាំង ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត បន្តថែរក្សា និងពង្រឹងសន្តិភាព ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋានផងដែរ។

ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «អភិបាលរាជធានី-ខេត្ត បន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវសកម្មភាព ការផ្សព្វផ្សាយព័ត៌មានមិនពិត និងភាពចលាចល ពិសេសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។

សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងចៀសវាងការចូលរួមក្នុងសកម្មភាពផ្ទុយពីច្បាប់ ដែលធ្វើឱ្យប៉ះពាល់សន្តិសភាព និងស្ថិរភាពនយោបាយ ព្រមទាំង យកចិត្តទុកដាក់ដោះស្រាយជម្លោះ នៅមូលដ្ឋានឱ្យបានល្អ ដោយចៀសវាងឱ្យបាននូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព។

ឆ្លៀតឱកាសនោះដែរ សម្ដេច ក៏បានណែនាំឱ្យខិតខំជំរុញការនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព រួមមាន៖ ផ្ដល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងប្រកបដោយការជឿទុកចិត្ត, គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ជាងនេះទៅទៀត គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, មានអនាម័យ មានសោភណ្ឌភាពល្អ និងឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតឲ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង