ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings រួមគ្នាអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា

140


ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសគាំទ្រភាពជាដៃគូ រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Green Leader Holdings Group Limited របស់ប្រទេសចិន ដើម្បីអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់តម្លៃ (ដាំដុះ និងកែច្នៃ) សំដៅលើកស្ទួយឧស្សាហកម្មក្នុងស្រុក និងពង្រីកការនាំចេញទៅកាន់ទីផ្សារសាកល ឱ្យបានអតិបរិមា។

ការប្រកាសរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញចូលរួមជាសាក្សី នៅក្នុងពិធីចុះហត្ថលេខា រវាងអង្គការ UNDP និងក្រុមហ៊ុនចិន Green Leader Holdings Group Limited លើការបង្កើតមូលនិធិរួមគ្នា ដែលមានទឹកប្រាក់សរុប ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តន៍ “គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា” ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការលើកស្ទួយវិស័យដំឡូងមី ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម (CTIS) និងគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា។ លោករដ្ឋមន្ត្រី បានបង្ហាញជំនឿថា មូលនិធិថ្មីនេះ នឹងនាំមកនូវផ្លែផ្កា និងអត្ថប្រយោជន៍រួមសម្រាប់តួអង្គពាក់ព័ន្ធ ជាពិសេសកសិករដាំដុះដំឡូងមី ព្រមទាំងក្លាយជាគំរូហិរញ្ញវត្ថុថ្មី នៃភាពជាដៃគូរវាងវិស័យសាធារណៈ និងផ្នែកឯកជន។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម និងអង្គការ UNDP បានប្តេជ្ញាក្នុងការដឹកនាំអភិវឌ្ឍន៍វិស័យដំឡូងមី ដោយផ្តោតលើការលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងទ្រទ្រង់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ហើយការផ្តួចផ្តើមអនុវត្តន៍គម្រោងថ្ងៃនេះ គឺជាជំហ៊ានថ្មីមួយទៀត បន្ទាប់ពីគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការ។

“គម្រោងថ្មីនេះ នឹងផ្ដល់នូវគោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់ជំរុញវិស័យដំឡូងមី ដោយបង្កើតឱ្យមានកាលានុវត្តថ្មីៗ សម្រាប់ភាគីពាក់ព័ន្ធ រួមទាំងកសិករដាំដុះដំឡូងមី ដើម្បីទាញយកអត្ថប្រយោជន៍ផ្សេងៗ សំដៅពង្រឹងជីវភាពតាមរយៈការធ្វើកសិកម្ម” លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

សូមជម្រាបថា “គម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា” នឹងត្រូវអនុវត្តន៍ ក្នុងរយៈពេល ៣ឆ្នាំ ៥ខែ ដោយចាប់ផ្តើមពីខែសីហា ឆ្នាំ២០១៨ ដល់ឆ្នាំ ២០២១។ តាមរយៈពិធីចុះហត្ថលេខាថ្ងៃនេះ អង្គការ UNDP នឹងដឹកនាំបង្កើតគំរូការធ្វើកសិកម្មតាមកិច្ចសន្យា ដែលមានរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ ជាមួយបរិយាកាសអំណោយផលក្នុងតំបន់ សម្រាប់ប្រតិបត្តិការគម្រោង ចំណែកក្រុមហ៊ុនចិន Green Leader Holdings Group Limited នឹងធ្វើការសាងសង់រោងចក្រកែច្នៃម្សៅដំឡូងមី ជាមួយបច្ចេកវិទ្យាខ្ពស់ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីប្រមាណ ១លានតោន ក្នុងមួយឆ្នាំ ដើម្បីជួយប្រជាកសិករដាំដំឡូងមី នៅតាមបណ្តាខេត្តនានា ក្នុងការបង្កើនផលិតភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងធានាលំហូរពាណិជ្ជកម្មដំឡូងមី ប្រកបដោយនិរន្តភាព។

ដោយឡែក ក្រសួងពាណិជ្ជកម្ម នឹងបង្កើតវេទិកាសន្ទនាសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងសម្របសម្រួលការប្រមូលផ្តុំធនធាន ដើម្បីដោះស្រាយបញ្ហានានា (ចំណុចកដប) ដែលរាំងស្ទះដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលដំឡូងមីកម្ពុជា និងការធ្វើពិធិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង