ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា និងវៀតណាម បន្តជំរុញ កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

85

 

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មកាទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមកនេះ ឯកឧត្តមបានសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានការរឹងមាំ និងមានការរីកចម្រើន ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្មក៏មានការកើនឡើងផងដែរ។
ឯកឧត្តមបានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ផងដែរ ដែលបានចូលរួមចំណែកសហការជាមួយឯកឧត្តម ក្នុងសកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា អោយទទួលបាននូវភាពជោគជ័យមកដល់ពេលនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយអ្វីដែលឯកឧត្តមបានលើកឡើង និងបានថ្លែងអំណរគុណ ជូនឯកឧត្តមដែលបានប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនកាន់តែរឹងមាំ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនឯកឧត្តមថា ក្នុងកាលៈទេសៈនេះអ្វីដែលគប្បីត្រូវធ្វើគឺ៖
ទី១)​ ការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ តាមរយៈវិធានការសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំង ដំណើរការពាណិជ្ជកម្ម ទី២)​ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ទី៣)​ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចជំរុញធ្វើការរួមគ្នាបាន៕

អត្ថបទដែលជាប់ទាក់ទង