កម្លាំងជំនាញ ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខូច លួចដាំខុសច្បាប់ចំនួន០៦ទីតាំង
ខេត្តតាកែវ៖ ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧ នឹង៣០នាទី ដោយអនុវត្តន៍ តាមការណែនាំចង្អុលបង្ហាញ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ឲ្យដូចភ្លៀងរលឹម នឹងជាពិសេសអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
លោក វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន០៦ទីតាំង អាងស្តុបទឹកចំនួន០៤អាង នៅចំណុចដុបថ្មកំសត់ និងជ្រោះឃ្លី ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ១៤១២ម៉ែត្រការ៉េ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំង ជាអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់ផងដែរ៕