ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចអាចចាត់វិធានការច្បាប់ លើអ្នកសារព័ត៌មាន ធ្វើសកម្មភាពដោយគ្មានវិជ្ជាជីវៈ ល្មើសច្បាប់ រំខានដល់ការអនុវត្តការងារតាមផ្លូវច្បាប់

93

 

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការតាមនីតិវិធីច្បាប់ ដោយពុំចាំបាច់ស្នើសុំគោលការណ៍ពីក្រសួងព័ត៌មានឡើយ ក្នុងករណីអ្នកសារព័ត៌មាន ធ្វើសកម្មភាពដោយគ្មានវិជ្ជាជីវៈ និងល្មើសច្បាប់ ដែលនាំឱ្យរំខានដល់ការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរ។

ក្រសួងព័ត៌មាន នៅ ថ្ងៃទី ២ ខែកក្កដាឆ្នាំ២០២១ បានចេញលិខិតមួយ ជម្រាបមកឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ ក្នុងកម្មវត្ថុ៖ ករណីស្នើសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់លើអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈផ្សព្វផ្សាយ ព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច។ យោង៖ លិខិតលេខ ១០២ រ.ប.ក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល។

លោកអ៊ុក ប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត កណ្ដាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជ្រាបថា តាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន បានធានាគាំពារនូវសិទ្ធិ សេរីភាពខាងការបញ្ចេញមតិ និង សេរីភាពខាងសារព័ត៌មាននៅក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រម្ពុជា។

ក្នុងន័យនេះ អ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចលើវិស័យសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិសេរីភាព ក្នុងការចុះយកព័ត៌មាន ការស្នើសុំព័ត៌មានពីស្ថាប័នសាធារណៈ និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន ដោយផ្អែកលើគោលការណ៍ច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច របស់ខ្លួន។

ផ្អែកលើមូលដ្ឋានគតិយុត្ត អ្នកសារព័ត៌មានពុំមានសិទ្ធិចូលទៅក្នុងតំបន់ហាមឃាត់ដោយអាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើឱ្យរំខានប៉ះពាល់ដល់ការអនុវត្តការងារតាមផ្លូវច្បាប់ ឬបង្កគ្រោះថ្នាក់ ដល់កិច្ចប្រតិបត្តិការរបស់អាជ្ញាធរមានសមត្ថកិច្ច ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ឱ្យប្រឆាំង នឹងការអនុវត្តការងាររបស់អាជ្ញាធរសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធ្វើឱ្យមហាជនមានការភាន់ច្រឡំលើការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច នោះឡើយ។

ប្រសិនបើអ្នកសារព័ត៌មានធ្វើសកម្មភាពដោយគ្មានវិជ្ជាជីវៈល្មើសច្បាប់ ដែលធ្វើឱ្យរំខានការ អនុវត្តការងារតាមផ្លូវច្បាប់ ឬបង្កគ្រោះថ្នាក់ដល់កិច្ចប្រតិបត្តិការរបស់អាជ្ញាធរសមត្ថកិច្ច ឬផ្សព្វផ្សាយ ព័ត៌មានមិនពិត ញុះញង់ឱ្យប្រឆាំងនឹងការអនុវត្តការងារតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍បុគ្គលណាម្នាក់ បុគ្គល ឬស្ថាប័ននោះ អាចចាត់វិធានការតាមនីតិវិធីច្បាប់ដោយពុំចាំបាច់ស្នើសុំគោលការណ៍ចាត់វិធានការពីក្រសួងព័ត៌មានឡើយ៕

អត្ថបទដែលជាប់ទាក់ទង