ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកែប ណែនាំពីការផ្អាកអាជីវកម្មផលិតស្រា ដែលគ្មានច្បាប់អនុញ្ញាត ពីក្រសួងឧស្សាហកម្ម

78

កែប ៖ រដ្ឋបាលខេត្តកែប បានចេញសេចក្តីណែនាំស្តីពីការផ្អាកអាជីវកម្មផលិតស្រា ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងភូមិសាស្ត្រទូទាំងខេត្ត។

សេចក្តីណែនាំនេះ មានគោលបំណង ទប់ស្កាត់ការលក់ និងចរាចរចែកចាយស្រាក្លែងក្លាយ ឬការផលិតស្រាដោយមិនអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងគ្មានច្បាប់អនុញ្ញាតអាជីវកម្មពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ។

ការផ្អាកអាជីវកម្មផលិតស្រា ដោយយោងព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ដែលប្រកាស ឲ្យប្រើច្បាប់ ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

លោកសោម ពិសិដ្ឋ អភិបាលខេត្ត បានជម្រាបជូន លោក លោកស្រីជ្រាបថា៖ ដើម្បីចៀសវាង ការលក់ និងចរាចរចែកចាយស្រាក្លែងក្លាយ ឬការផលិតស្រាដោយមិនអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និង គ្មានច្បាប់អនុញ្ញាតអាជីវកម្មពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអាចបង្កឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្ត ស្នើឲ្យលោកប្រធានមន្ទីរ និងលោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ពិនិត្យ និងធ្វើការផ្អាកអាជីវកម្មផលិតស្រាទាំងឡាយណា ដែលគ្មាន ច្បាប់អនុញ្ញាតអាជីវកម្មពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវណែនាំដល់ ម្ចាស់អាជីវកម្មឱ្យសុំអនុញ្ញាច្បាប់ប្រកបអាជីវកម្ម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកប្រធានមន្ទីរ លោកស្រីអភិបាលនៃគណៈអភិបាល ក្រុង ស្រុកចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង