ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចជំនាញ ចុះពិនិត្យកន្លែងកើតហេតុ ក្រោយពីមានករណី មនុស្ស៣នាក់ស្លាប់ដោយពុលស្រាថ្នាំ

55

 

កណ្តាល ៖ នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះពិនិត្យនិងកោសល្យវិច្ច័យ សាកសពបុរស៣នាក់ បន្ទាប់ពីនាំគ្នាផឹកស្រាថ្នាំហើយពុលស្លាប់ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០ នាទី នៅចំណុចភូមិលើឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១-ឈ្មោះ ម៉ែន សាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ, ទី២-ឈ្មោះ ហាក់ គឺមស្រ៊ី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុនិងទី៣-ឈ្មោះជួន ប៉ុន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកេីតហេតុ។

ប្រភពដដែលបន្តថា កន្លងមកជនរងគ្រោះទាំង០៣នាក់ខាងលើ បានផឹកស្រាជាប្រចាំ ពុំសូវហូបបាយហូបទឹកទេ រហូតដល់មានសភាពញៀនស្រា លុះដល់ថ្ងៃទី០២.កក្កដាឆ្នាំ.២០២១ ម៉ោង៨និង០០នាទី ឈ្មោះ ហាក់ គឹមស៊្រី បានប្រើកូនរបស់ខ្លួនឲ្យទៅទិញស្រាថ្នាំពីផ្ទះឈ្មោះ ជា សំអាត ភេទស្រី ចំនួនកន្លះលីត្រ យកមកផឹកនៅផ្ទះរបស់ខ្លួនជាមួយឈ្មោះ ម៉ែន សាន អស់ចំនួន០១ដបស្មើនឹងកន្លះលីត្រ ។ នៅថ្ងៃទី០៣ ខែឆ្នាំដដែល វេលាម៉ោង១០និង០០នាទី ឈ្មោះ ហាក់ គឹមស្រ៊ី បានកាន់ស្រាថ្នាំ០១ដបស្មើនឹងកន្លះលីត្រ ទៅផឹកនៅរោងកាត់សក់របស់ឈ្មោះ នាង យាន ម្នាក់ឯង ក្លែមផ្លែពុទ្រា រហូតដល់ម៉ោង១៦និង០០នាទី ទើបឈ្មោះ ហាក់ គឹមស្រ៊ី ត្រលប់មកផ្ទះវិញ ។

រហូតមកដល់វេលាម៉ោង២៣និង៣០នាទី ថ្ងៃដដែល ឈ្មោះ ម៉ែន សាន មានសភាពពិបាកដកដង្ហើម ពេលនោះបងប្អូនបានកោសខ្យល់ឲ្យ និងធ្វើចលនា តែឈ្មោះ ម៉ែន សាន បានស្លាប់បាត់បង់ជីវិតទៅហើយ លុះដល់ម៉ោង២:០០ នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ជួន ប៉ុន ក៏មានសភាពថប់ដង្ហើម និងបែកពពុះមាត់ ហើយក៏ស្លាប់បាត់បង់ជីវិត និងដល់ម៉ោង២:៣០នាទីរលងអធ្រាត្រ ថ្ងៃដដែល ឈ្មោះ ហាក់ គឹមស៊្រី ក៏មានសភាពថប់ដង្ហើម ហូរទឹកមាត់និងប្រកាច់ ពេលនោះប្រពន្ធកូនបានជួយធ្វើចលនា តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិត បន្ទាប់មកក្រុមគ្រួសារ បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម រួចគ្រូពេទ្យបានចុះយកសំណាករកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមានទាំង៣នាក់ ។

សមត្ថកិច្ចការិយាល័យជំនាញខេត្ត សហការណ៍ជាមួយកម្លាំងជំនាញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប៉ុស្តិ៍ ពេទ្យបង្អែកស្រុក ពេទ្យមណ្ឌលសុខភាពឃុំ និងក្រុមគ្រួសារសព បានពិនិត្យសាកសពយ៉ាងហ្មត់ចត់ឃើញថា សាកសពទាំង០៣ មានសភាពករឹង អញ្ចាញធ្មេញពណ៌ស្វាយ ចុងដៃនិងចុងជើងពណ៌ស្វាយ ផ្នែកក្បាល ដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។

នគរបាលជំនាញបានសន្និដ្ឋានថា តាមយោបល់គ្រូពេទ្យ និងជំនាញ ជនរងគ្រោះ ទាំង៣នាក់ ស្លាប់ដោយសារគាំងបេះដូង (អាចបណ្តាលមកពីផឹកស្រាច្រើន) ក្រោយពិនិត្យរួចបានប្រគល់សព ទាំង៣នាក់ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណៃ ៕

អត្ថបទដែលជាប់ទាក់ទង