ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីអគ្គនាយកដ្ឋាន «ក.ប.ប.» ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ នៅស្រុកខ្សាច់កណ្តាល

70

ខេត្តកណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីមានហេតុការណ៍ពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. សាខាខេត្តកណ្តាលសហការជាមួយកម្លាំងអធិការនគរបាលស្រុកខ្សាច់កណ្តាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។

បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញបានប្រមូលគំរូសំណាកស្រាស និងស្រាថ្នាំនៅផ្ទះដែលមានទីតាំងស្ថិតក្នុងឃុំស្វាយរមៀត ឃុំកោះចូរ៉ាម និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ។ សំណាកចំនួន៧គំរូដែលប្រមូលបាន ត្រូវបានបញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីរកវត្តមានសារធាតុមេតាណុល ដែលជាសារធាតុបង្កគ្រោះ។

អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកផលិតស្រា សូមផលិតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ចៀសវាងការយកសារធាតុ ផ្សេងៗ មកបន្ថែម ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀត។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសុខភាពនិងអាយុជីវិតរបស់បងប្អូន សូមប្រុងប្រយ័ត្ន និងសូមកុំជាវស្រាស ឬស្រាថ្នាំដែលគ្មានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់ យកមកប្រើប្រាស់ ឬបរិភោគជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង