កម្ពុជាបានចូលរួម ជាមួយបណ្តារដ្ឋ ក្នុងអាស៊ាន ធ្វើការត្រួតពិនិត្យ ការអនុវត្តផែនការ សកម្មភាពត្រួតពិនិត្យ គ្រឿងញៀនពាក់កណ្តាលអាណត្តិ
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនអាស៊ាន សម្រាប់កិច្ចប្រជុំសម្របសម្រួលក្រោមសរសស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន តាមប្រព័ន្ធអនឡាញ ដែលមានការអញ្ជេីញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដម នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ មានប្រសាសន៍ឱ្យដឹងក្រោយកិច្ចប្រជុំនោះថា កម្ពុជាធ្លាប់បានធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ASODចំនួន០២លើករួចមកហេីយគឺក្នុងឆ្នាំ២០០៩ នៅរាជធានីភ្នំពេញ និងឆ្នាំ២០១៩ នៅខេត្តសៀមរាប យេីងបានធ្វេីការប្តេជ្ញាចិត្តរួមគ្នាក្របខ័ណ្ឌប្រជាជាតិអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់យ៉ាងមុតមាំ និងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ទន្ទឹមគ្នានោះ យើងសង្កេតឃើញថា បញ្ហាប្រឈមនានា នៅតែជាកង្វល់ ហេីយបង្កជាការគំរាមកំហែងថ្មីៗមួយចំនួន ។ ម៉្យាងទៀតស្ថានភាពគ្រឿងញៀននៅក្នុងតំបន់ គឺមានសភាពកាន់តែអាក្រក់ទៅដោយសារការរីករាលដាល នៃការផលិតគ្រឿងញៀនសំយោគគឺមេតំហ្វេតាមីន(Methamphetamine)និងសារធាតុញៀនថ្មីដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ (New Psychoactive Substances “NPS”)ក៏កំពុងតែកើតមានឡើងផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តទៀតថា កម្ពុជាបានចូលរួមជាមួយ អាស៊ានក្នុងយន្តការត្រួតពិនិត្យ គ្រឿងញៀនក្នុងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ និងក្នុងក្របខ័ណ្ឌ ជាសេនាធិការឱ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្ដីពីបញ្ហាគ្រឿងញៀន (AMMD)យើងបានត្រៀមលក្ខណៈលេីការងារចំនួន៧ ដែលជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ហើយបច្ចុប្បន្នយើងបានធ្វើការពង្រឹងការរៀបចំយន្ដការទប់ស្កាត់ការចរាចរគ្រឿងញៀន មានអ៊ែរផតអេនធ័រឌិចសិន និងស៊ីផតអ៊ីនធ័រឌិចសិន និងអាស៊ានណាកូ បន្ថែមលើនេះ ដោយសារបញ្ហារីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ហេីយបញ្ហាគ្រឿងញៀនមិនសញ្ញាថមថយ និងរីករាលដាលហេីយប្រែប្រួលចរន្តផលិតគ្រឿងញៀនធម្មជាតិ និងពាក់កណ្តាលសំយោគ មកផលិតគ្រឿងញៀនសំយោគចេញពីសារធាតុគីមីផ្សំ(Chemical precursors and pre-precursors)។ សម្រាប់ចក្ខុវិស័យខាងមុខ យេីងពិនិត្យឃេីញថាគ្មានគ្រឿងញៀនសំយោគ លុះត្រាតែគ្មានសារធាតុគីមីផ្សំ ហេីយកម្ពុជាគួរផ្តួចផ្តេីមឱ្យមានយន្តការច្បាស់លាស់ធ្វេីការរឹតបន្តឹងសារធាតុគីមីផ្សំ កុំឱ្យហូរចូលទៅកាន់ទីតាំងផលិតបានដោយងាយស្រួល ជាមួយនឹងការត្រួតពិនិត្យគ្រឿងញៀនប្រភេទថ្មី (New Psychoactive Substances “NPS”)។
ជាមួយគ្នានេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ការរៀបចំផែនការសកម្មភាពការងារនេះ មានផែនការមេអាស៊ានឆ្នាំ២០២៥(ASEAN Political-Security Community Blueprint 2025) និងរបាយការណ៍ (Drug Free ASEAN 2015: Evaluation and Recommendations Post-2015)
ពាក់ព័ន្ធនឹងផែនការការងារអាស៊ាននេះមាន៧ ផ្នែកបែងចែកជាចំណុចគោលសំខាន់ៗ ចំនួន ២៥ រួមមាន៖ ១-ផ្នែកទូទៅ ២-អប់រំ បង្ការគ្រឿងញៀន ៣-ពង្រឹងការអនុវត្តច្បាប់ ៤-ការព្យាបាល និងស្តារនីតិសម្បទា ៥-ការសិក្សាស្រាវជ្រាវ ៦-ការអភិវឌ្ឍដោយជម្រើសផ្សេងក្រៅពីការដាំដំណាំគ្រឿងញៀន ៧-កិច្ចសហប្រតិបត្តិការនៅក្រៅតំបន់ ។
ជាមួយគ្នានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមទៀតថា កម្ពុជាកំពុងចូលរួមជាមួយ ប្រទេសសមាជិកអាស៊ាន ធ្វើការត្រួតពិនិត្យការអនុវត្តផែនការនេះ នៅពាក់កណ្តាលអាណត្តិ ដែលរបាយការណ៍ វាយតម្លៃផែនការនេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៧ នាពេលខាងមុខដេីម្បីពិនិត្យ និងសម្រេចក្នុងពេលដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ផ្ទះនាខែតុលា ឆ្នាំ២០២១នេះ៕