លោក គោស៊ុំ ប៊ុនសឿត នឹងត្រូវបញ្ចប់អាណត្តិជាអភិបាលរងខេត្តព្រះវិហារនៅពេលដ៏ខ្លីនេះ លោកសម្តែងការដឹងគុណចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ
ព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក គោស៊ុំ ប៊ុនសឿត នឹងត្រូវបញ្ចប់អាណត្តិជាអភិបាលរងខេត្តព្រះវិហារនៅពេលដ៏ខ្លីខាងមុខនេះហើយ។ មុននៃចាកចេញពីអភិបាលរងខេត្ត ដោយសារតែការបញ្ចប់អាណត្តិនោះ លោក គោស៊ុំ ប៊ុនសឿត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានក្រុមការងារ ,អតីតអភិបាលខេត្តព្រះវិហារ ,អភិបាលខេត្តព្រះវិហារ , ប្រធានក្រុមប្រឹក្សាខេត្តដែលកន្លងមកបានផ្តល់នូវការគាំទ្រ ការស្រឡាញ់រាប់អាន និងផ្តល់នូវកិច្ចសហការល្អក្នុងការបំពេញតួនាទី ភារកិច្ចរយះពេល២អាណត្តិទទួលបានជោគជ័យនិងទទួលបានការគោរពនិងស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងខេត្តទាំងមូលយ៉ាងខ្លាំងផងដែរ។
លោក គោស៊ុំ ប៊ុនសឿត នៅវេលាព្រឹកថ្ងៃទី០៧ កក្កដានេះ បានមានប្រសាសន៍ ដោយបានគោរពថ្លែងអំណរគុណចំពោះលោក ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ លោកអ៊ុំ ម៉ារ៉ា អតីតអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការក្នុងសាលាខេត្តព្រះវិហារទាំងអស់ ដែលរយៈពេលកន្លងមកបានផ្តល់នូវការគាំទ្រ ការស្រឡាញ់រាប់អាន និងផ្តល់នូវកិច្ចសហការល្អក្នុងការបំពេញតួនាទី ភារកិច្ចរយះពេល២អាណត្តិទទួលបានជោគជ័យ។
លោក គោស៊ុំ ប៊ុនសឿត ខណៈនឹងត្រូវបញ្ចប់អាណត្តិជាអភិបាលរងខេត្តព្រះវិហារនៅពេលដ៍ខ្លីខាងមុខនេះ លោកក៏បានបន្តមានប្រសាសន៍ សំដែងនូវការសុំអភ័យទោសគ្រប់បែបយ៉ាង រាល់កំហុសខុសឆ្គងទាំងឡាយ ទោះដោយចេតនាក្តី អចេតនាក្តី ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តព្រះវិហារទាំងអស់។
ឆ្លៀតក្នុងឱកាសនេះផងដែរ គោស៊ុំ ប៊ុនសឿតសូមគោរពជូនពរជ័យ សរីមង្គល វិបុលសុខ មហារប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមជួបតែសេចក្តីសុខ សុភមង្គលនៅក្នុងក្រុមគ្រួសារ ពិសេសជៀសឆ្ងាយពីជំងឺកូវីដ–១៩។ សូមរក្សាវិធាន ៣កុំ–៣ការពារ និងសូមជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ៕