អាជ្ញាធររាជធានី បាននិងកំពុងជួសជុលផ្លូវ នឹងដាក់បណ្ដាញលូ នៅផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល បើទោះបី កំពុងប្រឈមជម្ងឺកូវីដ-១៩
ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញ បាននិងកំពុងប្រឈម នៃការរីករាលដាលជំងឺកូវីដ-១៩ក៏ពិតមែន ។ ប៉ុន្តែទោះបីជាយ៉ាងក្តី លោកមិនបានភ្លេច ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានដូចជាផ្លូវ ប្រឡាយ លូ ជាដើមនោះទេ មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ មិនមានការថមថយនោះ។
ជាក់ស្តែនៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើការជួសជុលផ្លូវ នឹងដាក់បណ្ដាញលូ នៅតាមបណ្ដោយផ្លូវ សម្ដេចចៅហ្វាវាំងគង់សំអុលហៅ (ផ្លូវ២០០៤) និងការដាក់លូជាច្រើនខ្សែទៀត នៅទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងការដោះស្រាយ ការលិចលង់ ដោយជំនន់ទឹកភ្លៀងផងដែរ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំងគង់សំអុល (ផ្លូវ២០០៤) ក្រុមការងារ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុង ឆ្អឹងដែក កំរាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រ និងទទឹង ពី ១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែន សុខ ។
ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការដាក់ប្រព័ន្ធលូ បង្ហូរទឹកទំហំ ១ម៉ែត្រសង្ខាងផ្លូវ ដាក់លូកាត់ទទឹងផ្លូវ ទំហំ១ម៉ែត្រ២តឹក ចំនួន២ខ្សែ ដោយភ្ជាប់ទៅលូនៅផ្លូវ៣៧១ផងដែរ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្រៅពីការងារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានការកែលម្អ ប្រព័ន្ធលូចំណុចប្រសព្វផ្លូវ សម្ដេចចៅហ្វាវាំងគង់សំអុល (ផ្លូវ២០០៤) កែងផ្លូវ៣៧១ ផងដែរ ដោយដាក់លូជ្រុងអក្សរ U ដើម្បីដោះស្រាយការលិច ដោយជំនន់ទឹកភ្លៀង នៅតំបន់នេះ ៕