នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនឪពុក ចាប់រំលោភកូនស្រីរបស់ខ្លួន ពេលទៅឃ្វាលគោនៅវាលស្រែ
បាត់ដំបង ៖ នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកស្រីឧត្តមសេីយ៍ត្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំធ្វេីការ នាំខ្លួនបុរសវ័យចំណាស់ម្នាក់ឈ្មោះ បូង ញឹម ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការសាកសួរ ទាក់ទងនឹងករណីរំលោភសេពសន្ថវៈទៅលេីកុមារីជាអនីតិជន ដែលជាកូនស្រីរបស់ខ្លួនឯង។
សូមជម្រាបជូនថា នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាល បានទទួលពាក្យបណ្តឹង ពីស្រ្តីជាម្តាយរបស់កុមារីរងគ្រោះ ដែលក្នុងពាក្យបណ្តឹង បានរៀបរាប់ពីសកម្មភាព របស់ជនសង័្សយខាងលេី ថាបានចាប់រំលោភកូនស្រីរបស់ខ្លួន ដែលជាអនីតិជន ទេីបមានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ កាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ ក្នុងខណៈដែលកូនស្រីរបស់គាត់ ទៅឃ្វាលគោនៅ ចំណុចវាលស្រែក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហេីយសកម្មភាពនេះ មិនត្រូវបានដឹងភ្លាមៗទេ ដោយសារជនសង័្សយគំរាមកំហែង មិនឱ្យកូនស្រីគាត់និយាយរហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ទេីបដឹង។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានបញ្ជាក់ថា នៅចំពោះមុខការសាកសួរ របស់សមត្ថកិច្ចនគរបាល បុរសជាជនសង័្សយខាងលេី បានទទួលស្គាល់កំហុស ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺបានទទួលស្គាល់ថា រូបគាត់បានធ្វេីសកម្មភាព ទៅលេីកុមារីនោះមែន តែមិនបានសម្រេច ដល់ទីជម្រៅនោះទេ ដោយសារមានក្មេងៗ ឃ្វាលគោឃេីញ ឆោឡោឡេីង សកម្មភាពរបស់គាត់ត្រូវអាក់ខានទៅវិញ។
តែទោះជាយ៉ាងនេះក្តី ពេលនេះ ជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុកមោងឫស្សី កសាងសំណុំរឿង បញ្ជូនមកផែនជំនាញ អនុវត្តតាមនីតិវិធីហេីយ៕