ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនជួបសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការបរទេស អូស្ត្រាលី ដើម្បីពិភាក្សាលើកិច្ចការសំខាន់បន្ទាន់
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងកិច្ចការនារីអូស្ត្រាលី ដើម្បីពិភាក្សាលើកិច្ចការសំខាន់បន្ទាន់ រួមមាន កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ការពង្រឹងភាពជាដៃគូអាស៊ាន-អូស្រ្តាលី និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី បានអរគុណអូស្ត្រាលី សម្រាប់ការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈវេទិកាទ្វេភាគី តំបន់ និងអនុតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការចូលរួម ប្រកបដោយអត្ថន័យ របស់អូស្រ្តាលី ជាមួយអាស៊ាន និងបានកោតសរសើរអូស្ត្រាលី ចំពោះការគាំទ្រ ទាន់ពេលវេលា ដល់ប្រទេសកម្ពុជា និងអាស៊ាន ក្នុងការឆ្លើយតបទៅនឹង ជំងឺរាតត្បាតកូវីដ-១៩។ សម្រាប់ការត្រៀមលក្ខណៈ ធ្វើជាប្រធានអាស៊ាន របស់កម្ពុជា នៅឆ្នាំ២០២២ លោកប្រាក់ សុខុន បានជម្រាបជូនអំពី អាទិភាពមួយចំនួន រួមមាន ការខិតខំប្រឹងប្រែង ដើម្បីទទួលបានវឌ្ឍនភាពបន្ថែមទៀត នៅក្នុងការអនុវត្តគំនិតផ្តួចផ្តើម ស្តារឡើងវិញ គ្រប់ជ្រុងជ្រោយ របស់អាស៊ាន និងសមាហរណកម្មតំបន់ ដែលស្របជាមួយចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥ ការលើកកម្ពស់ ការចូលរួមប្រកបដោយប្រសិទ្ធភាព របស់ស្រ្តី និងយុវជន នៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងដំណើរការកសាងសហគមន៍ ការពង្រឹងការរួមចំណែក ដល់ការថែរក្សាសន្តិភាព របស់អាស៊ាន៕