ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ៖ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកតម្កើងនវានុវត្តន៍ និងភាពជាសហគ្រិន

67

 

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ពិតជាមានសារៈសំខាន់ ក្នុងការលើកតម្កើងនវានុវត្តន៍ និងភាពជាសហគ្រិន។ ជាក់ស្តែង ប្រទេសដែលចំណាយថវិកាសាធារណៈ ទៅលើ R&D លើសពី ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) គឺជាប្រទេសមានការអភិឌ្ឍ។ ផ្ទុយទៅវិញបណ្តាប្រទេស ដែលមាននវានុវត្តន៍ទាប គឺជាប្រទេសដែលចំណាយតិចជាង ១ ភាគរយនៃ GDP លើ R&D។

ការឡើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី គឺក្នុងឱកាសដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានសហការជាមួយគណៈកម្មាធិការ សេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ ប្រចាំអាស៊ីប៉ាស៊ីហ្វិក (UNESCAP) រៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោងលើការកសាង «របៀបវារៈស្រាវជ្រាវជាតិ (NRA)» តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីសំណាក់ លោកស្រី Marta Pérez Cusó មន្រ្តីទទួលបន្ទុកសេដ្ឋកិច្ច តំណាង UNESCAP និងអ្នកចូលរួមប្រមាណជា១០០រូប ដែលជាតំណាងមកពី៣៦ ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងវិស័យឯកជន ដែលពាក់ព័ន្ធនឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ នាថ្ងៃម្សិលមិញនេះ។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលានេះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងលើកឡើងថា ការកសាងរបៀបវារៈស្រាវជ្រាវជាតិនេះ គឺជាគម្រោងបន្តរបស់ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា នៅសតវត្សរ៍ទី ២១នេះ កំណើនសេដ្ឋកិច្ចគឺមិនអាចកាត់ផ្តាច់បានពីវឌ្ឍនភាពនិងការវិវត្តន៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន។

លោកស្រី Marta Pérez Cusó បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតក្រសួង ឧ.វ.ប.ន. ដើម្បីជម្រុញ និងលើកកម្ពស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ លោកស្រីក៏បានបន្ថែមទៀតថា របៀបវារៈស្រាវជ្រាវជាតិពិតជាមានសារៈសំខាន់ ក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។

លោកបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយក នៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបទបង្ហាញពីសាវតានៃគម្រោង កសាងរបៀបវារៈស្រាវជ្រាវជាតិ។ លោកបានគូសបញ្ជាក់ថា ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍មានលក្ខណៈជាអន្តរវិស័យ និងប្រទាក់ក្រឡាគ្នាខ្ពស់ អាស្រ័យហេតុនេះ ការចូលរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងវិស័យឯកជន គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីសហការបង្កើតរបៀបវារៈស្រាវជ្រាវជាតិ។

ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង UNESCAP បានពន្យល់លម្អិតអំពីវិធីសាស្រ្ត និងផែនការសកម្មភាពបន្ត ដើម្បីសម្រេចការកសាងរបៀបវារៈស្រាវជ្រាវជាតិ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង