ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋបានចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានជាង២លាន១សែននាក់ គិតមកដល់ថ្ងៃទី០៧ខែកក្កដានេះ

71

 

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានចំនួនជាង២លាននាក់ហើយ គិតមកដល់ថ្ងៃទី០៧ ខែកក្កដានេះ ខណៈដែលទូរលេខនេះ នៅខ្វះ១ថ្ងៃគឺថ្ងៃ០៨កក្កដា ដែលជាថ្ងៃបញ្ចប់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់របស់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈដែលលោកស្រី និងលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ចើញប្រកាសបិទបញ្ចាប់ ការចាក់វ៉ាក់សាំង និងចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅវិទ្យាល័យជា ស៊ីម ជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី០៨ កក្កដានេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា ៖ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យុទ្ធនាការ នៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩
បានចាប់ផ្ដើម ចាក់ វ៉ាក់សាំងនេះជូនប្រជាពលរដ្ឋ
កាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ហើយបើគិតមកដល់ត្រឹម ថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ គឺមានប្រជាពលរដ្ឋ ដែលបានមកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ មានចំនួន ២១២៨៧៩១នាក់។ ចំណែកអ្នកដែលមិនបាន ទទួលការចាក់វ៉ាក់សាំងនេះ មានចំនួន ២៣៨០៤នាក់ ដោយអ្នកទាំងនេះ ជាប្រជាពលរដ្ឋដែល មានបញ្ហាសុខភាព ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ពួកគាត់មិនអាចចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩បាន។

លោកស្រីបន្តថា ៖ការកើនឡើងចំនួន អ្នកចាក់រហូតដល់ជាង២លាន១សែននាក់ ស្មើនឹង១២៣,៦៥
ភាគរយនេះ គឺដោយសារយើង បានចាក់ឲ្យប្រជាពលរដ្ឋមកពីខេត្ត ពិសេសបងប្អូនកម្មករ និងជនបរទេសនៅស្រុកខ្មែរ ។ ដោយឡែកសម្រាប់អ្នកនៅភ្នំពេញ ចំនួនភាគរយដែលប្រជាពលរដ្ឋ បានចាក់គឺមានចំនួន៩៩,២២ភាគរយ ហើយយចំនួនដែល នៅសល់ គឺជាចំនួនបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព មិនអាចចាក់វ៉ាក់សាំងបាន។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ៖ក្រុមគ្រូពេទ្យបញ្ចប់ការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ខែកក្កដានេះ ហើយក្រុមគ្រូពេទ្យ នឹងបន្តសកម្មភាព នៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតាម បណ្ដាខេត្តផ្សេងៗទៀត ដោយអនុវត្តទៅតាមយុទ្ធសាស្ត្រផ្ការីក របស់សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងឱកាសនៅលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា ៖សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញតែម្តង បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួនប្រមាណ ជាង១លាន៧សែននាក់ ចំពោះ តួលេខដែលបានកើនឡើង រហូតដល់ជាង ២លាន១សែននាក់នោះ គឺដោយសារតែមាន បងប្អូនប្រជាពលរដ្ឋ ជាកម្មករកម្មការិនី នៅតាមខេត្តបានសម្រុក ចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅភ្នំពេញហើយ ក្នុងនោះក៏មានជនបរទេស មកទទួលការចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញនេះផងដែរ ។
លោកក៏បានថ្លែងការអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោហ៊ុន សែន ដែលបានស្វះស្វែង រកវ៉ាក់សាំងមកចាក់ជូន ប្រជាពលរដ្ឋ រហូតបញ្ចប់នៃការចាក់វ៉ាក់សាំង នៅថ្ងៃទី០៨ កក្កដានេះ ។

លោកក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការ ចាក់វ៉ាកសាំង២ដូសហើយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារកំណើននៃការឆ្លងកូវីដ-១៩ នៅតែកើនមានក្នុង១ថ្ងៃ ពី២០០ទៅ៣០០នាក់ នូវឡើយ ដែលតម្រូវឱ្យបងប្អូន ត្រូវចេះការពារដោយខ្លួនឯង កុំឱ្យឆ្លងពីម្នាក់ទៅម្នាក់ទៀត៕

អត្ថបទដែលជាប់ទាក់ទង