ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២១ ព្រះករុណា បំផុសឲ្យប្រជារាស្រ្តនិងមន្រ្តីរាជការ ទូទាំងប្រទេស ចូលរួមចលនាដាំដើមឈើ ទ្រទ្រង់វិស័យកសិកម្ម

78

 

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ ទ្រង់បានចេញព្រះរាជសារនៅលើផេកហ្វេសប៊ុក អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២១ ។ ស្វែងយល់អំពីប្រវត្តិពិធីបុណ្យ « រុក្ខទិវា ៩ កក្កដា »។

ពិធីបុណ្យ « រុក្ខទិវា » គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តម នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម » ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពិធីនេះបានចាប់កកើតតាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុល ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាព យ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៥២។

ម្យ៉ាងទៀតបច្ចុប្បន្ន « រុក្ខទិវា » ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូកទី១២ មាត្រាទី៦០ បានចែងថា៖ ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារសំខាន់ និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា “ទិវានេះពិតជាមានអត្ថន័យដ៏ឧដុង្គឧត្តម និងឧត្តមប្រយោជន៍ ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ បានឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃ សាមគ្គីភាព រវាងប្រជារាស្រ្តនិងមន្រ្តីរាជការ ទូទាំងប្រទេសក្នុងការជំរុញលើកទឹកចិត្ត ចូលរួមចលនាដាំដើមឈើ ដើម្បីផ្ដល់ជាសារប្រយោជន៍ ធនធានទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថា« ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា »”៕

អត្ថបទដែលជាប់ទាក់ទង