ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវិនិយោគប្រកបដោយគុណភាព ជាកត្តាមួយសំខាន់ ដើម្បីជំរុញការអភិវឌ្ឍមួយជំហានទៀត

88

ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកគ្រប់គ្រងការិយាល័យតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ UNDP បានអះអាងថា ការវិនិយោគប្រកបដោយគុណភាពជា កត្តាមួយសំខាន់ដើម្បីជំរុញការអភិវឌ្ឍមួយជំហានទៀត ដោយបង្កើតការងារ ឱកាសថ្មីៗ ដើម្បីទទួលបានកំណើនជាជាបរិយាប័ន្ន និងចីរភាព។

នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបឯកឧត្តម Haoliang Xu ជំនួយការ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកគ្រប់គ្រងការិយាល័យតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ UNDP និងសហការី នៅទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្ដើម លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ UNDP ដែលបានសហការយ៉ាងស្អិតរមួតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវលទ្ធផលជាច្រើន ជាពិសេសនៅក្នុងវិស័យដំឡូងមី ដែលជាកសិផលធំទីពីរបន្ទាប់ពីស្រូវនៅកម្ពុជា។ លោក បានវាយតម្លៃខ្ពស់លើឯកទេសរបស់ UNDP នៅក្នុងវិស័យនេះ ដោយកន្លងមក UNDP បានផ្ដួចផ្ដើមរៀបចំជាវេទិកាធុរកិច្ចដំឡូងមី ក្នុងគោលបំណងផ្សព្វផ្សាយ សក្ដានុពលរបស់វិស័យដំឡូងមីនៅកម្ពុជា ជូនធុរជន និងវិនិយោគិន ព្រមទាំងរៀបចំជាគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមី និងចាប់ដៃជាមួយក្រុមហ៊ុនឯកជន Green Leader បង្កើតជាកិច្ចព្រមព្រៀងថវិការួមក្រោមរូបភាពកិច្ចសហប្រតិបត្តិការវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យដំឡូងមីទៅមុខទៀត។

ជាកិច្ចឆ្លើយតប លោក Haoliang Xu បានឲ្យដឹងថា ពិតជាមានការភ្ញាក់ផ្អើលក្នុងដំណើរទស្សនកិច្ចលើកនេះ លើការអភិវឌ្ឍដ៏លឿនរបស់កម្ពុជា ដោយការអភិវឌ្ឍទាំងនេះ បានឆ្លុះបញ្ចាំងពីកំណើនម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ ដែលកម្ពុជាទទួលបាន។ ផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ លោក យល់ថា ការវិនិយោគប្រកបដោយគុណភាព ជាកត្តាមួយសំខាន់ដើម្បីជំរុញ ការអភិវឌ្ឍមួយជំហានទៀត ដោយបង្កើតការងារ ឱកាសថ្មីៗ ដើម្បីទទួលបានកំណើនជាជាបរិយាប័ន្ន និងចីរភាព។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម អង្គការ UNDP និងក្រុមហ៊ុន Green Leader លើវិស័យដំឡូងមី ឯកឧត្តម យល់ថានេះជាគំនិតផ្ដួចផ្ដើមមួយល្អ ដើម្បីទាញយកឯកទេសពី UNDP និងពីក្រុមហ៊ុនឯកជន ដើម្បីជំរុញ និងអនុវត្តន៍គោលនយោបាយដំឡូងមី។ លោក សង្ឃឹមថាគម្រោងដែល UNDP និង Green Leader បានផ្ដួចផ្ដើមនឹងទទួលបាននូវផ្លែផ្កាជាទីគាប់ចិត្ត។

អត្ថបទដែលជាប់ទាក់ទង