លោក ផៃ ស៊ីផាន សំណូមពរអ្នកសារព័ត៌មាន បែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយ រវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា មានការផ្សព្វផ្សាយព័ត៌មាន ស្ដីពីឧបទ្ទវហេតុណាមួយ ដែលជាបញ្ហាបុគ្គល ដោយផ្សារភ្ជាប់ទៅនឹងតួនាទី ឬមុខងារនៅក្នុងអង្គភាព-ស្ថាប័នសាធារណៈ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់អង្គភាព-ស្ថាប័ន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ខែកក្កដានេះ បានថ្លែងសារនៅលើផេកហ្វេសប៊ុកផ្លូវការថា គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs។ តាមការអង្កេតរបស់ខ្ញុំ តែងតែឃើញមានការផ្សព្វផ្សាយព័ត៌មាន ស្ដីពីឧបទ្ទវហេតុណាមួយដែលជាបញ្ហាបុគ្គល ដោយផ្សារភ្ជាប់ទៅនឹងតួនាទី ឬមុខងារនៅក្នុងអង្គភាព-ស្ថាប័នសាធារណៈ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់អង្គភាព-ស្ថាប័ន ដែលមានកតព្វកិច្ចត្រូវបំពេញការងាររបស់រាជរដ្ឋាភិបាល។
ដ្បិតថា សកម្មភាពរបស់បុគ្គលនោះ ពុំមានពាក់ព័ន្ធនឹងអង្គភាព-ស្ថាប័ន។ លើសពីនេះទៀតសោត ចំពោះការផ្សព្វផ្សាយមួយចំនួនទៀត ថែមទាំងបានដាក់បន្ទុកបុគ្គលបង្កហេតុ ហួសពីបទចោទរបស់សមត្ថកិច្ចជំនាញ (នគរបាល ឬតុលាការ) ដែលជាការរំលោភលើសិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលផងដែរ។
លោកបន្តថា អាស្រ័យហេតុដូចនេះ ជាសំណូមពរ សូមអ្នកសារព័ត៌មានមេត្តាបែងចែកឲ្យដាច់ ក្នុងការផ្សព្វផ្សាយរវាងរឿងបុគ្គលភាព និងអង្គភាព ឬស្ថាប័ន៕