ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤របស់ជប៉ុនសម្រេចលទ្ឋផលបាន ៩៨% ហើយ គ្រោងនឹងដាក់អោយដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៦ខែកក្កដានេះ

210

ភ្នំពេញ៖ ការដ្ឋាននៃគម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ដែលជាជំនួយឥតសំណងរបស់ជប៉ុនសម្រេចលទ្ឋផលបាន ៩៨% ហើយ គ្រោងនឹងដាក់អោយដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះតទៅ

   នេះបើតាមការបញ្ជាក់អោយដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ខណៈដែលលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អមដំណើរលោក មិកាមិ ម៉ាសាហ៊ីរ៉ូ MIKAMI Masahiro ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១ម្សិលម៉ិញ។

   មន្ត្រីដដែលបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ គិតមកដល់ពេលនេះសម្រេចលទ្ឋផលបាន ៩៨% ហើយ ដោយគ្រោងនឹងដាក់អោយដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១នេះតទៅ ។គម្រោងនេះបាននិងកំពុងអនុវត្ត ដោយការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត .៥ម៉ែត្រដល់ .៣ម៉ែត្រ សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប មានទំហំបណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជំរៅ ៤ម៉ែត្រ និងសាងសង់ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក.៤ម៉ែត្រគូបក្នុង១វិនាទី។

គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ៩២ និងមួយផ្នែកខ្លះទៀត នៅខណ្ឌទួលគោក។

  គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក   ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង