អាជ្ញាធរកូឡុំប៊ីរឹបអូសបានកូកាអ៊ីនចំនួន ៥.៤ តោន ដែលមានតម្លៃ ១៨៥ លានដុល្លារអាមេរិក
បរទេស៖កាលពីថ្ងៃពុធ កងទ័ពជើងទឹកនៅតំបន់ Andean បាននិយាយថា អាជ្ញាធរកូឡុំប៊ីសហការជាមួយសមភាគី Panama និងសហរដ្ឋអាមេរិកបានរឹបអូសយកកូកាអ៊ីនចំនួន ៥.៤ តោន ដែលមានតម្លៃ ១៨៥ លានដុល្លារសហរដ្ឋអាមេរិក ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកបាននិយាយថា គ្រឿងញៀនទាំងអស់នោះត្រូវបានរកឃើញបន្ទាប់ពីទូកល្បឿនលឿនមួយបានបើកចូលក្នុងដែនទឹកកូឡុំប៊ីវិញ បន្ទាប់ពីត្រូវបានរកឃើញដោយអាជ្ញាធរ Panam ហើយត្រូវបានដេញចាប់ដោយកងឆ្មាំឆ្នេរសមុទ្រនៃប្រទេសកូឡុំប៊ី ។
បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅតំបន់នោះ សមាជិកនៃឆ្មាំឆ្នេរសមុទ្របានរកឃើញទូកសង្ស័យមួយដែលមានបាវចំនួន ៨១ នៅលើទូក និងបាវចំនួន ១៤៧ ផ្សេងទៀតត្រូវបានលាក់នៅក្នុងបន្លែ ហើយក្នុងបាវទាំងនោះមានកូកាអ៊ីន។
ឧត្តមនាវីឯកលោក Juan Rozo Obregon ដែលជាបញ្ជាការនៃកងកម្លាំងនាវាចរ Caribbean នៃប្រទេសកូឡុំប៊ីមានប្រសាសន៍ថា “ប្រសិនបើទំនិញខុសច្បាប់នេះទៅដល់សហរដ្ឋអាមេរិក ឬអឺរ៉ុប ប្រាកដណាស់ ច្បាស់ជាគ្រឿងញៀន ១៦ លានគ្រាប់ចរាចរតាមទីផ្សារក្នុងប្រទេសទាំងនោះដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈរបស់ពិភពលោក”។
អាជ្ញាធរបាននិយាយថាគ្រឿងញៀនទាំងនេះជារបស់ក្រុមឧក្រិដ្ឋជន Clan del Golfo ។ ក្រុមនេះដឹកនាំដោយ Dairo Antonio Usuga ដែលគេស្គាល់ថាជា “Otoniel” ជាជនសង្ស័យជួញដូរគ្រឿងញៀនដែលកូឡុំប៊ីចង់ចាប់ខ្លួនបំផុត ៕