លទ្ធផល នៃការបង្ក្រាបបទល្មើស ធនធានធម្មជាតិ រយៈពេល ៦ ខែឆ្នាំ ២០២១ ក្រោមសមត្ថកិច្ចក្រសួងបរិស្ថាន
ភ្នំពេញ ៖ ក្រសួងបរិស្ថានក្នុងនាមសេនាធិការ នៃរាជរដ្ឋាភិបាល និងមន្ត្រីរបស់ខ្លួន មានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន លើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ លទ្ធផលនៃការបង្ក្រាបបទល្មើសធនធានធម្មជាតិរយៈពេល ៦ ខែឆ្នាំ ២០២១ ក្រោមសមត្ថកិច្ចក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សរឹបអូសរណាយន្តបាន២,៤៦២គ្រឿង ដកហូតរថយន្ត១៨២គ្រឿង គោយន្ត៣០៨គ្រឿង ម៉ូតូ៣៣៦គ្រឿង ត្រាក់ទ័រ២៤គ្រឿង និងឈើ១,២៦០ម៉ែត្រគូប ។
ជាមួយមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ នាក់របស់ខ្លួន ក្រសួងបរិស្ថានបានសហការជាមួយកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៥ កន្លែងដែល មានផ្ទៃដីសរុប ៧,៣លានហិកតា។
រយៈពេល ៦ ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបបានចំនួន ១៤.៤២២ លើកក្នុង នោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤.២៣៨ ករណី។ ក្នុងចំណោមបទល្មើស ទាំងនោះ បានធ្វើការពិន័យអន្តរការណ៍ចំនួន ៥១១ ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅ តុលាការបានចំនួន ៥១៥ ករណីដែលករណីភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ២.៤៦២ គ្រឿង ដកហូតរថយន្តចំនួន ១៨២ គ្រឿង គោយន្តចំនួន ៣០៨ គ្រឿង ម៉ូតូចំនួន ៣៣៦ គ្រឿង ត្រាក់ទ័រចំនួន ២៤ គ្រឿង ឈើចំនួន ១.២៦០ម៉ែត្រគូប។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥.៥៩៦ អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ ដើម។
ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ នៅក្នុងតំបន់ការពារធម្មជាតិលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។
ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារ ធម្មជាតិ និងអង្គការដៃគូក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។
ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីទាំងអស់ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធាន ធម្មជាតិប្រកបដោយភាពស្មោះត្រង់ និងគោរពតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងការអនុ វត្តច្បាប់ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវគោលនយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិដើម្បីផ្តល់ចំណូលជា ប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។
ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញ ក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារនិងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីលក់ឥណទានកាបូន»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕