ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាប្រាប់អង្គការសហប្រជាជាតិថា ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេស សម្រេចបានជាង ៥២% ហើយ

53

 

ហ្សឺណែវ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានប្រកាសទាំងមោទកភាពថា ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេសផងដែរនោះ សម្រេចបានជាង ៥២% ហើយ។

ការលើកឡើងបែបនេះរបស់តំណាងកម្ពុជា បានធ្វើឡើងពេលចូលរួមថ្លែងបទអន្តរាគមន៍ បង្ហាញអំពីសមិទ្ធផលនិងវឌ្ឍនភាព ក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែងនានារបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ក្នុងឱកាសដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បិទបញ្ចប់សម័យប្រជុំលើកទី៤៧ របស់ខ្លួន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មាន គឺបញ្ជាក់យ៉ាងដូច្នេះ៖ «កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេសផងដែរនោះ សម្រេចបានជាង ៥២% នៃប្រជាជនគោលដៅ (គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១)»។

បើតាមសេចក្តីប្រកាសព័ត៌មានដែល, ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ គ្មាននរណាម្នាក់អាចមានសុវត្ថិភាពបានទេ លុះត្រាតែមនុស្សគ្រប់គ្នាមានសុវត្ថិភាព។ វ៉ាក់សាំង កូវីដ១៩ ត្រូវតែជាទំនិញសាធារណៈសកល ដែលត្រូវចែកចាយក្នុងស្មារតីមនុស្សធម៌ដល់ប្រទេសទាំងអស់។

សូមជម្រាបថា បើគិតត្រឹមយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥,៤១៧,៣៤៨នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់ បានចំនួន ៥៤.១៧% ។

ក្នុងអំឡុងសម័យប្រជុំលើកទី៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាបានចូលរួមគាំទ្រ (co-sponsor) សេចក្ដីថ្លែងការណ៍រួមចំនួន ១១ ការសម្រេចចិត្ត (Decision) ចំនួន០១ និងសេចក្ដីសម្រេចចិត្ត(Resolution) ចំនួន០៣ លើប្រធានបទជាច្រើនក្នុងវិស័យសិទ្ធិមនុស្ស ដូចជាសិទ្ធិមនុស្សចាស់ សិទ្ធិជនទេសន្តរប្រវេសន៍ ការបែងចែកវ៉ាក់សាំងដោយយុត្តិធម៌និងសមធម៌ កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ ជំងឺហង់សិន ការពង្រឹងការចងក្រងឯកសារនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ទំនាក់ទំនងរវាងការអភិវឌ្ឍនិងសិទ្ធិមនុស្ស ជាដើម៕

អត្ថបទដែលជាប់ទាក់ទង