ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ ៖ “វឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានលើកបង្ហាញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស”

41

 

ហ្សឺណែវ ៖ សេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ ស្តីពី “វឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្សត្រូវបានលើកបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស”ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើកទី៤៧ របស់ខ្លួននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរកម្មតាមប្រធានបទ ចំនួន២៣ និងកិច្ចពិភាក្សាចំនួន ៧ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្ត (Resolution) ចំនួន ២៥ និងការសម្រេចចិត្ត (Decision) ចំនួន២ លើបញ្ហាតាមប្រធានបទ និងតាមប្រទេសនានា។

អំឡុងពេលចូលរួមកិច្ចប្រជុំរយៈពេល៤ សប្តាហ៍នេះ (ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានចូលរួមថ្លែងបទអន្តរាគមន៍ចំនួន១៧លើក ដោយបានលើកបង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាព ក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែងនានារបស់កម្ពុជា ក្នុង វិស័យសិទ្ធិមនុស្ស ដែលខ្លឹមសារសំខាន់ៗមាន ដូចតទៅ៖

ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ គ្មាននរណាម្នាក់អាចមានសុវត្ថិភាពបានទេ លុះត្រាត មនុស្សគ្រប់គ្នាមានសុវត្ថិភាព។ វ៉ាក់សាំងកូវីដ១៩ ត្រូវតែជាទំនិញសាធារណៈសកល ដែល ត្រូវចែកចាយក្នុងស្មារតីមនុស្សធម៌ដល់ប្រទេសទាំងអស់។ កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិ ដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេសផងដែរនោះ សម្រេចបានជាង ៥២% នៃប្រជាជនគោលដៅ (គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១)។

ដើម្បីទ្រទ្រង់ដល់ជីវភាពគ្រួសារដែលរងគ្រោះខ្លាំងបំផុត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់គ្រួសារក្រីក្រតាមរយៈប្រព័ន្ធឌីជីថល ដោយផ្អែកលើ គោលការណ៍សមធម៌ សមភាព និងប្រសិទ្ធភាព។ កញ្ចប់គាំពារសង្គមជាច្រើនទៀតកំពុង តែត្រូវបានអនុវត្ត ដើម្បីជួយសម្រួលដល់គ្រួសារដែលរងផលប៉ះពាល់នៅក្នុងតំបន់បិទខ្ទប់។ ទាក់ទងនឹងសិទ្ធិទទួលបានលំនៅដ្ឋាន កម្ពុជាបានដាក់ចេញនូវគោលនយោបាយដីធ្លីគ្រប់ ជ្រុងជ្រោយ ដូចជា ដីសម្បទានសង្គមកិច្ច ការបែងចែកដីធ្លីសម្រាប់ការអភិវឌ្ឍសង្គមនិង សេដ្ឋកិច្ច ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ក្នុងគោលបំណងលើកកម្ពស់លទ្ធភាព របស់ប្រជាជនក្នុងការទទួលបានដី និងលំនៅដ្ឋាន ប្រកបដោយចីវភាព និងទំនួលខុសត្រូវសង្គម។

កម្ពុជាប្ដេជ្ញាចិត្តបញ្ចូលសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំនៅគ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល។ កម្ពុជាក៏កំពុងរៀបចំ “ផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់សុខភាពផ្លូវចិត្ត ឆ្នាំ ២០២២-២០២៦” ។

ទោះបីជាអត្រាជំងឺហង់សិនឬឃ្លង់ មានកម្រិតទាបនៅប្រទេសកម្ពុជាក៏ដោយ ការលុប បំបាត់ជំងឺនេះនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល។ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីព្យាបាលអ្នកជំងឺ ដោយមិនគិតថ្លៃ ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ជារដ្ឋភាគីនៃអនុសញ្ញាស្តីពី “ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងស្ត្រីភេទ” (CEDAW) កម្ពុជាប្ដេជ្ញាលុបបំបាត់ការរើសអើងប្រឆាំងស្ត្រី និងក្មេងស្រី តាមរយៈការដាក់ចេញនូវ ក្របខ័ណ្ឌគាំពារសង្គមជាច្រើន ក៏ដូចជាការផ្តល់ជូនសេវាសុខភាពផ្លូវភេទនិងបន្តពូជនៅ តាមកន្លែងជាច្រើន ដល់ស្ត្រី។

កម្ពុជាពុំធ្លាប់ជាប់ឈ្មោះក្នុងបញ្ជីប្រទេសអនុវត្តការកាត់ប្រដាប់ភេទស្រ្តី(Female Genital Mutilation)នោះទេ។ ការលើកកម្ពស់សមភាពយេនឌ័រក្នុងប្រទេសក៏មានការរីកចម្រើនគួរ ឱ្យកត់សម្គាល់ផងដែរ។

ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) កម្ពុជាផ្ដល់សារៈសំខាន់យ៉ាង ខ្លាំងដល់ការលុបបំបាត់រាល់អំពើហិង្សាលើស្ត្រីនិងកុមារី រួមទាំងការរំលោភសេពសន្ថវៈ។ ក្របខ័ណ្ឌច្បាប់និងគោលនយោបាយជាច្រើនដែលផ្ដោតលើអភិក្រមគាំទ្រជនរងគ្រោះ រួម មានការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់និងមន្ត្រីមូលដ្ឋាន ក៏ដូចជាជំនួយផ្នែកច្បាប់នានា ត្រូវបានដាក់ចេញ និងផ្តល់ជូន ក្នុងគោលដៅការពារនិងឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះ បទឧក្រិដ្ឋនេះ។

ក្នុងនាមជារដ្ឋភាគីនៃពិធីសារ Palermo ឆ្នាំ ២០០៧ កម្ពុជាបន្តប្រកាន់យកនូវវិធីសាស្ត្រ គ្រប់ជ្រុងជ្រោយ ដើម្បីលុបបំបាត់ការជួញដូរមនុស្ស ដោយបញ្ចូលស្មារតីនិងគោលការណ៍ នៃពិធីសារនេះ ទៅក្នុងវិសោធនកម្មច្បាប់ជាតិ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើ ធ្វើអាជីវកម្មផ្លូវភេទ។

នៅកម្ពុជា អ្នកជួញដូរគ្រឿងញៀនត្រូវប្រឈមនឹងបទចោទ ប៉ុន្តែមិនត្រូវបានផ្តន្ទាទោស ប្រហារជីវិតនោះទេ។ អ្នកប្រើប្រាស់គ្រឿងញៀនគឺជាជនរងគ្រោះ ដែលអាចទទួលបានការ ព្យាបាល ការប្រឹក្សាយោបល់ផ្លូវចិត្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយស្ម័គ្រចិត្ត នៅ មជ្ឈមណ្ឌលបន្សាប និងស្តារនីតិសម្បទា និងនៅមណ្ឌលសុខភាព។

គណៈប្រតិភូកម្ពុជាបានគូសបញ្ជាក់ថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែល ដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្ត សិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។

ពាក់ព័ន្ធនឹងសេរីភាពគំនិត និងការបញ្ចេញមតិ តំណាងអចិន្ត្រៃយ៍កម្ពុជាបានគូសបញ្ជាក់ថា មេរោគកូរ៉ូណាវីរុសគឺជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយនិងការផ្សាយព័ត៌មានមិន ពិតបង្កគ្រោះថ្នាក់មិនចាញ់ជំងឺនេះដែរ។ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត យើងត្រូវចេញ ផ្សាយនូវការពិត។ ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានផ្តល់អាទិភាពដល់អ្នកសារ ព័ត៌មាននៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្ត ចាប់តាំងពីខែ កុម្ភៈ ដើម្បីធានាបានថា អ្នកសារព័ត៌មានអាចបំពេញការងារជួរមុខរបស់ខ្លួន ដោយ សុវត្ថិភាព និងបន្តផ្តល់ព័ត៌មានពិតជូនសាធារណៈជន អំឡុងពេលនៃជំងឺរាតត្បាតនេះ។

ចំពោះសិទ្ធិទទួលបានការអប់រំ តំណាងអចិន្ត្រៃយ៍កម្ពុជាបានគូសបញ្ជាក់ថា ទោះបីជាជំងឺ រាតត្បាតកូវីដ១៩ បានរំខានដល់វិស័យអប់រំក៏ដោយ កម្ពុជាបានធានានូវការបន្តការសិក្សា អប់រំនៅតាមប្រព័ន្ធអនឡាញ។ ក្នុងការត្រៀមបើកសាលារៀនឡើងវិញ នៅពេលដែល ស្ថានភាពអនុញ្ញាត កម្ពុជាត្រូវបានអង្គការយូណេស្កូ កោតសរសើរថា ជាប្រទេសមួយក្នុង ចំណោម ១៧ប្រទេស ក្នុងពិភពលោក ដែលបានផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងជូន ដល់គ្រូបង្រៀន។ លើសពីនេះ កម្ពុជាក៏បានដាក់ចេញនូវ ”ផែនការវិស័យអប់រំ- ថ្មី (២០១៩-២០២៣) ដោយសង្កត់ធ្ងន់លើគោលការណ៍នៃការអប់រំប្រកបដោយបរិយាប័ន្ន សមធម៌ និង គុណភាព ក៏ដូចជាលើកកម្ពស់ឱកាសការសិក្សារៀនសូត្រពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។

ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ត្រូវបាន បង្ហាញឲ្យឃើញតាមរយៈទិដ្ឋភាពគណនេយ្យភាព អប់រំ និងការពារ។

ក្នុងអំឡុងសម័យប្រជុំលើកទី៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាបានចូលរួមគាំទ្រ (co sponsor) សេចក្តីថ្លែងការណ៍រួមចំនួន ១១ ការសម្រេចចិត្ត (Decision) ចំនួន០១ និងសេចក្តី សម្រេចចិត្ត(Resolution) ចំនួន០៣ លើប្រធានបទជាច្រើនក្នុងវិស័យសិទ្ធិមនុស្ស ដូចជាសិទ្ធិ មនុស្សចាស់ សិទ្ធិជនទេសន្តរប្រវេសន៍ ការបែងចែកវ៉ាក់សាំងដោយយុត្តិធម៌និងសមធម៌ កិច្ចសហ ប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ ជំងឺហង់សិន ការពង្រឹងការចងក្រងឯកសារនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ទំនាក់ទំនងរវាងការអភិវឌ្ឍនិងសិទ្ធិមនុស្ស ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង