កាំកុងត្រូល ចុះពិនិត្យតាមផ្សារ ដកហូត ទំនិញខូចគុណភាព និងយកទៅដុតកម្ទេចចោល
ខេត្តមណ្ឌលគិរី៖ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញតាមផ្ទះ និងម៉ាត នានា នៅឃុំពូជ្រៃ ស្រុកពេជ្រាដា រកឃើញ និងដកហូតទឹកក្រូចខូចគុណភាព ចំនួន១៨១កេះ។
មន្ត្រីជំនាញបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ក្រុមការងារបានចុះពិនិត្យនៅតាមម៉ាក និងធ្វើតេស្តលើបន្លែស្រស់ៗ សរសៃគុយទាវ មី នំ បញ្ចុក មីលឿង ជ្រក់ត្រសក់ ជ្រក់ស្ពៃ ជ្រក់ឆៃថាវ។ ជាលទ្ឋផលមិនឃើញផលិតផលណាមួយមានលាយសារធាតុគីមីហាមឃាត់ទេ ប៉ុន្តែមន្ត្រីយើងបានរកឃើញទឹកក្រូចចំនួន១៨១កេះ ស្មើនឹង៤៣៤៤ដប ហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានដកហូតទុកដុតកំទេចចោល។
លោក ជ័យ សាមឿន បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតសំខាន់ទៅលើ ទំនិញ វេចខ្ចប់ស្រាប់ ភេសជ្ជៈ និងចំណីអាហារដែលអាជីវករដាក់តាំងលក់ នៅតាមផ្ទះ លក់គ្រឿងទេសនានា ដើម្បីពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ ក្នុងគោលបំណង ការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ និងបានធ្វើការចុះអប់រំណែនាំដល់អាជីវករទាំងអស់ឱ្យចៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ហើយត្រូវរៀបចំទំនិញលក់ដូរឱ្យ មានសណ្តាប់ធា្នប់ទៅតាមប្រភេទទំនិញនីមួយៗ។ លើសពីនេះមន្ត្រីជំនាញក៏បានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ស្តីពី សូមពិចារណាមុននឹងជ្រើសរើសផលិតផលម្ហូបអាហារណាមួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និងអ្នកប្រើប្រាស់។
ចំណែកនៅខេត្តពោធិ៍សាត់ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ទំនិញម្ហូបអាហារ នៅផ្សារទីរួមខេត្តពោធិ៍សាត់ ដោយបានធ្វើតេស្តបឋមលើ ផ្អក ប្រហុក ត្រីងៀត សសៃរគុយទាវ សាច់ក្រក លតស្វិត បាញ់ឌុក តៅកឺ និងត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេចដទៃទៀត។ ជាលទ្ធផល យើងរកឃើញ លតស្វិត៣គីឡូក្រាម និង នំបាញ់ឌុក ៣គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់ និងបានដកហូត ធ្វើការកម្ទេចចោល នៅនឹងកន្លែងតែម្តង
ក្នុងថ្ងៃដដែល នៅខេត្តបន្ទាយមានជ័យ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ ដែលរឹបអូសបាននៅតាមផ្សារ និងតាមច្រកទ្វារកន្លងមកចំនួន ១.១០០គីឡូក្រាមក្នុងនោះក៏មានការចូលរួម ជាកិត្តិយសពី លោក ស៊ុំ ណារុន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក លី សារី អភិបាលរងខេត្ត និងលោក សេង គឹមឡាក់ ព្រះរាជអជ្ញាររង ខេត្តបន្ទាយមានជ័យ៕