លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍ លើផ្ទៃដីទំហំ ១.៨៦០ ហិកតា នៅខេត្តក្រចេះ
ក្រចេះ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍រវាងក្រុមហ៊ុន សាយឌុងកៅស៊ូឌុកឌុង (របស់ប្រទេសវៀតណាម) និងភាគី លោកស្រី សូ ណារ៉េន លើផ្ទៃដីទំហំ ១.៨៦០ ហិកតា ស្ថិតនៅក្នុងភូមិ២ឆ្នូ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នារសៀលថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ។
នៅក្នុងកិច្ចប្រជុំនោះ គូរភាគីទាំងសង្ខាងនិងតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្តែងនូវការសប្បាយចិត្ត ដោយករណីវិវាទត្រូវបានដោះស្រាយបញ្ចប់ ដោយឈរលើគោលការណ៍តម្លាភាព ភាតរភាព សន្តិវិធី និងយុត្តិធម៌ ហើយគ្រប់ភាគីសុទ្ធតែឈ្នះ ស្របតាមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវក៏បានរំលឹកអំពីប្រសាសន៍របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុង ការពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជន ទាំងពីរឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង ។
លោកជំទាវក៏បានសំណូមពរឲ្យភាគីវៀតណាមត្រូវគោរពតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសូមជួយយកចិត្ត ទុក្ខដាក់ដល់កម្មករខ្មែរដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ត្រូវធ្វើទំនាក់ទំនងឲ្យបានជិតស្និតជាមួយ រដ្ឋបាលនៅហ្នឹងកន្លែង ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលខ្វះស្បៀង ក្នុងអំឡុងពេលកូវីដ១៩នេះ ដោយត្រូវគោរពតាម វិធានរបស់ក្រសួងសុខាភិបាល និងវិធានរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ និង៣ការពារ ក្នុងការចូលរួម ប្រយុទ្ធប្រឆាំង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕. សំរិត