ឣនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ចុះនាំយកស្បៀងអាហារចែកជូនកម្មករ កម្មការនី នៅបន្ទប់ផ្ទះជួល ១២០គ្រួសារ ដែលជាប់ធ្វើ ចត្តាឡីស័ក សង្កាត់ស្ទឹងមានជ័យទី១
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរិ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ-បរិភោគ ១២០ គ្រួសារ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការនី តាមបន្ទប់ផ្ទះជួល ដែលជាប់ធ្វើចត្តាឡីស័ក ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ និង ផ្តាំការសាកសួរសុខទុក្ខពីលោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និង ថ្នាក់ដឹកនាំខណ្ឌមានជ័យ ជាពិសេសមានការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករ កម្មការនី គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។
ទន្ទឹមនឹងនេះ លោកប្រធាន បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីទាំង ១២០គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ សូមបន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ។ ជាមួយគ្នានេះដែរ លោកប្រធាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្មករ កម្មការនី ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ការពារ និង ៣កុំ ក៍ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍នាពេលនេះ ។ម្យ៉ាងទៀត សូមកុំប្រមូលផ្តុំ ជួបជុំគ្នា ហើយ ប្រសិនបើគ្មានការចាំបាច់ទេ សូមបងប្អូនកុំចេញក្រៅផ្ទះអោយសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកីវីដ-១៩ ។
អំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន ៖
– អង្ករ ១០ គីឡូ
– មី ១ កេស
– ត្រីខ ២ កំប៉ុង
– ទឹកសុទ្ធ ១ យួរ
– ទឹកស៊ីអីវ ២ កំប៉ុង
– ទឹកក្រូច ២ កំប៉ុង
– ម៉ាស ១ ប្រអប់ ដើម្បីប្រើប្រាស់ និងសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ ។