ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើមូលដ្ឋានច្បាប់ជាធរមាន

88

 

តំបន់ការពារធម្មជាតិ ៖ ក្រសួងបរិស្ថាន ក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួន មានការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន លើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។ នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទីសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់ដែរថាជាមួយមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ របស់ខ្លួន ក្រសួងបរិស្ថាន បានសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធចុះល្បាតនិងទប់ស្កាត់បទល្មើស ធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ទាំង ៧៥កន្លែង ដែលមានផ្ទៃដីសរុប ៧,៣លានហិកតា។

ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រភក្រ្តា បានឲ្យដឹងថា រយៈពេល ៦ខែ ឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ សរុបបានចំនួន ១៤.៤២២លើក ក្នុងនោះបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៤.២៣៨ករណី។ ទិន្នន័យនេះមានចំនួនប្រហាក់ប្រហែលគ្នា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសសម្ភារៈឧបករណ៍ខុសច្បាប់ជាច្រើន។ ជាមួយគ្នានេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចំនួន ២៥.៥៩៦អន្ទាក់ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ដើម។

តាមរយៈ ឯកឧត្តម នេត្រ ភក្រ្តា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិគ្មានទៀតឡើយ ប៉ុន្តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗ កើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងនឹងបន្តបេសកកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន សហគមន៍តំបន់ការពារ ធម្មជាតិ និងអង្គការដៃគូក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ ក្រសួងសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិប្រកប ដោយភាពស្មោះត្រង់ និងគោរពតាមនីតិវិធីច្បាប់។

ឯកឧត្តម នេត្រ ភក្រ្តា បានបន្ថែមថា ទន្ទឹមនឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវគោលនយោបាយបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ ជម្រើសមុខរបរថ្មីជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិដើម្បីផ្តល់ចំណូលជា ប្រចាំសម្រាប់ការរស់នៅរបស់ពលរដ្ឋតាមរយៈការផ្សារភ្ជាប់រវាងការអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ការបង្កើនការចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំផ្សេងទៀត។

ឯកឧត្តម រដ្ឋលេខាធិការបានលើកឡើងបន្ថែមថា ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញ ក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។ ដោយសារតែការការពារនិងអភិរក្សមានភាពល្អប្រសើរ ធនធានធម្មជាតិ ព្រៃឈើ ត្រូវបានការពារបានល្អប្រសើរ កម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិក្រោមទិសស្លោក «រក្សាឈើឈរដើម្បីលក់ឥណទានកាបូន»។ សត្វព្រៃត្រូវបានថែរក្សាការពារបានល្អប្រសើរ។ ស្ថានភាពជីវភាពពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង