ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកដឹកឈើប្រណីត១គ្រឿង ជាង២០ម៉ែត្រគូប បម្រុងយកទៅលក់នៅខេត្តត្បូងឃ្មុំ ត្រូវនគរបាលខេត្តក្រចេះ បង្ក្រាប

58


ក្រចេះ៖ ទូកដឹកឈើ១គ្រឿង ដែលមានផ្ទុកនូវឈើប្រណីត ប្រភេទលេខ១ និងលេខ២ ប្រមាណ២០ម៉ែត្រគូប ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បានបង្ក្រាប នៅចំណុចទន្លេមេគង្គ ស្ថិតនៅឃុំព្រែកសាម៉ាន ស្រុកឆ្លូង ខេត្តក្រចេះ និងបានប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅយប់ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ តាមដងទន្លេមេគង្គ ដោយសម្របសម្រួលពីលោក ជា សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ ដោយបានឃាត់ទូកមួយគ្រឿង ដែលដឹកឈើប្រភេទលេខ១ និងលេខ២ ជាគ្រឿងផ្ទះ និងបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ តែមិនបានឃាត់ខ្លួនម្ចាស់ទូកទេ ព្រោះក្រោយពីកម្លាំងនគរបាលឃាត់ទូកនោះ អ្នកបើកទូកបានរត់ចោលទូកតែម្ដង។ ទូកដឹកឈើ១គ្រឿង បានបើកចេញពីប៉ែកខាងលើ នៃខេត្តក្រចេះ គឺស្រុកសំបូរ បម្រុងយកទៅលក់នៅខេត្តត្បូងឃ្មុំ ហើយប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានថា មានទូកដឹកឈើជាច្រើន។ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានតាមទូកមួយនោះ ដល់ចំណុចឃុំព្រែកសាម៉ាន់ និងឃាត់បានតែម្ដង។

បច្ចុប្បន្ននេះ ទូកនិងឈើ ត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង ដើម្បីធ្វើការវាស់វែង៕

អត្ថបទដែលជាប់ទាក់ទង