រយៈពេល៨ខែ បង្រ្កាបគ្រឿងញៀន បាន ៤០ករណី វត្ថុតាង គ្រឿងញៀន ៤០០ គីឡូក្រាម
ភ្នំពេញ ៖ គ្រឿងញៀន គឺជាបញ្ហាសកល និងជាបទឧក្រិដ្ឋឆ្លងដែនដ៏ធំមួយដែលពិភពលោកទាំងមូលកំពុងប្រឈមមុខយ៉ាងស្រួចស្រាវ រួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងទៅនឹងបញ្ហានេះ។ ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការជាតិ៣ឆ្នាំ(២០១៦-២០១៨) ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវតិ្ថភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣(១មករា ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨) អនុវត្តកន្លងមក បានកត់សម្គាល់ពីសភាពការណ៍គ្រឿងញៀន និងអនុវត្តការងារក្នុងឆមាសទី១ គឺទទួលបានលទ្ធផលប្រសើរ ។
កិច្ចប្រតិបត្តិការបទល្មើសគ្រឿងញៀនករណីធំៗ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បង្រ្កាបបាន ៤០ករណី ឃាត់ខ្លួន ៦៥នាក់ (ស្រី១៦នាក់) វត្ថុតាង គ្រឿងញៀន ៤៤៥ គីឡូក្រាម និង ៤២៥,០៦ក្រាម និង រុក្ខជាតិស្លឹក KHAT ៣២២៧ គីឡូក្រាម ។ ក្នុងនោះតាមច្រកផ្លូវគោក ១៩ករណី ២០ក្រុម ឃាត់ខ្លួន ៤៤នាក់(ស្រី៨នាក់) ជនបរទេស ៨នាក់(ស្រី ១នាក់) និងរឹបអូសបានគ្រឿងញៀន ២៥៧គីឡូក្រាម ៤០៦,៨២ក្រាម, តាមច្រកប្រៃសណីយ៍ បង្រ្កាបបាន ១៨ករណី ឃាត់ខ្លួន ១៧នាក់(ស្រី ៥នាក់) ជនបរទេស ១២នាក់ រឹបអូសគ្រឿងញៀន ១៨០គីឡូក្រាម ៧៥២,៦០ក្រាម និងស្លឹករុក្ខជាតិ KHAT ២៩៣៧,៣៦ គីឡូក្រាម, តាមផ្លូវអាកាស បង្រ្កាបបាន ៣ករណី ឃាត់ខ្លួន ៤នាក់(ស្រី ៣នាក់) ជនជាតិថៃ ២នាក់(ស្រី) ប៊ែលហ្សិក ១នាក់ វៀតណាម ១នាក់(ស្រី) រឹបអូសគ្រឿងញៀន ៧គីឡូក្រាម ២៦៥,៤៤ក្រាម ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានលើកឡើងថា គ្រឿងញៀនជាបញ្ហាសកល ដែលបានបង្កនូវផលវិបាកដល់សង្គមមនុស្សជាតិទូទៅ និងដល់គ្រួសារដែលទាមទារឲ្យមានការចូលរួមដោះស្រាយពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងសង្គម និងការចូលរួមពីប្រជាពលរដ្ឋ ។ បទល្មើសគ្រឿងញៀនតាមតំបន់ ពុំមានការថយចុះ កម្ពុជានៅតែបន្តទទួលរងនូវឥទ្ធិពលពីការផលិត និងការចរាចរគ្រឿងញៀនឆ្លងកាត់ ដែលបានធ្វើឲ្យមានផលប៉ះពាល់រងគ្រោះដោយសារការប្រើប្រាស់រាលដាលទៅដល់ជនបទ ។ តាមការជំរឿនស្ថិតិអ្នកប្រើប្រាស់គ្រឿងញៀន ដែលស្នាក់នៅតាមលំនៅដ្ឋាន និងកំពុងនៅក្នុងមជ្ឈមណ្ឌលអប់រំស្តារនីតិសម្បទាមានសរុប ១៨.៥៥៩នាក់(ស្រី៣០១នាក់)។
ឧត្តមសេនីយ៍ឯកនាយកមន្ទីរប្រឆាំងគ្រឿងញៀនដដែលក៏បានលើកឡើងថា ទោះបីការខិតខំប្រឹងប្រែងទទួលបានលទ្ធផលបែបនេះក្តី ប៉ុន្តែយើងនៅតែមានការខ្វះខាតនិងបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យត្រូវរួមគ្នាធ្វើការពិនិត្យ និងពិភាក្សាដើម្បីស្វែងរកចំណុចខ្លាំង និងដំណោះស្រាយសម្រាប់អនុវត្តទិសដៅការងារប្រឆាំងបទល្មើសគ្រឿងញៀនឆមាសទី២ ឆ្នាំ២០១៨ ឲ្យទទួលបានប្រសិទ្ធភាពថែមទៀត។ លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ក៏បានលើកឡើងនូវស្នាដៃជាក់ស្តែងថ្មីៗនេះ មានការដឹកជញ្ជូន និងជួញដូរនូវរុក្ខជាតិញៀនឈ្មោះ ខាត(KHAT) ដែលនាំពីប្រទេសអេព្យូពី ចូលមកកម្ពុជា ប៉ុន្តែត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេល រឹបអូសរុក្ខជាតិញៀនខាតទម្ងន់៣២២៧គីឡូក្រាម ។ អ្វីដែល បញ្ហាថ្មីលេចធ្លោក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ សមត្ថកិច្ចមន្ទីរប្រឆាងគ្រឿងញៀនបង្ក្រាបករណីជួញដូរធំ២ករណី ចាប់ពី១០គីឡូក្រាមឡើង រឹបអូសបានគ្រឿងញៀនជាង៤៨គីឡូក្រាម ។
ជាមួយគ្នានេះលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើឲ្យបទល្មើសមានការថយចុះ និងធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ ។ បើសមត្ថកិច្ចបង្ក្រាបបានជនប្រើប្រាស់ និងអ្នកចែកចាយគ្រឿងញៀនបានល្អ ទីផ្សារគ្រឿងញៀនវាក៏ថយចុះនិងមានការលំបាក ។ បើទីផ្សារគ្រឿងញៀនមានការថយចុះក្រុមឧក្រិដ្ឋជនគ្រឿងញៀនវាខិតខំពង្រីកទីផ្សារ ។ លោកអគ្គលេខាធិការក៏បានឲ្យក្រុមសមត្ថកិច្ចត្រូវខិតខំបន្ថែម ក្នុងការរឹតបន្តឹង ស្របតាមការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលថា បន្ទុកទ្វេដងនៃគ្រឿងញៀននេះ ។ បើទីផ្សារគ្រឿងញៀនថយចុះ ចឹងពួកឧក្រិដ្ឋជនគ្រឿងញៀនវាខិតខំពង្រីកទីផ្សាររបស់វា ស្របពេលដែលពិភពលោកនៅមានការកើនឡើងទីផ្សារគ្រឿងញៀន ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល គឺនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដូចនេះហើយមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល អាចងាយស្រួលក្នុងការទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងលើបុគ្គល ឬមុខសញ្ញា ដែលធ្លាប់ប្រើប្រាស់ កំពុងតែប្រើប្រាស់គ្រឿងញៀន និងការចុះប្រតិបត្តិការផ្ទាល់ លើការបង្រ្កាបអ្នកប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនក្នុងមូលដ្ឋាន ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍បន្តទៀត ថា មុខសញ្ញាប្រើប្រាស់តូចៗនេះ ដែលជាតំរុយក្នុងការស្វែងរកចាប់ខ្លួន ដល់អ្នកចែកចាយ ជួញដូរ ជាពិសេសមេខ្លោងធំៗតែម្ដង៕